Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ហ៊ុន ម៉ា​នី ៖ ១៥ ថ្ងៃ​គត់ លទ្ធផល ដែល​ឆ្លើយតប បាន​ទៅនឹង​សំណូមពរ​ជាក់ស្តែង រឿង​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ខ្សាច់ និង​ថ្ម ក្នុងស្រុក​ភ្នំស្រួច​

​កំពង់ស្ពឺ ​៖ លោក​ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា គិត​មក​ត្រឹម​ថ្ងៃទី​១៥​ខែមីនា​នេះ យុទ្ធនា​ការតាមដាន និង​ត្រួតពិនិត្យ លើ​កិច្ចព្រមព្រៀង ចុះ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ រវាង​អាជ្ញាធរ​មូលដ្ឋាន ក្នុងស្រុក​ភ្នំស្រួច និង​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ខ្សាច់ និង​ថ្ម មាន​រយៈពេល​១៥ ថ្ងៃ​គត់​។ ថ្ងៃទី​១៥​ខែមីនា​នេះ លទ្ធផល​ឈ្នះ​-​ឈ្នះ​មួយ បាន​លេចចេញ​ជា​រូបរាង​ជាក់លាក់​។ វា​ជា​លទ្ធផល ដែល​ឆ្លើយតប បាន​ទៅនឹង​សំណូមពរ​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ​យើង និង​ជា​លទ្ធផល ដែល​អាច​ទទួលយកបាន ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​។​

​លោក​ហ៊ុន ម៉ា​នី បាន​ថ្លែងថា ពិតណាស់ ជំហាន​ដំបូង ជា​ជំហាន​ដែល​លំបាក​បំផុត​។ ប៉ុន្តែ​ក្នុង​បុព្វហេតុ​រួម ទោះ​លំបាក​យ៉ាងណា យើង​ជួបគ្នា ពិភាក្សាគ្នា ស្វែងរក​ដំណោះស្រាយ ជា​បន្តបន្ទាប់​។ ជាមួយនឹង​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ក្នុងនោះ​រួមមាន ក្រសួង មាន​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ ម្ចាស់​អាជីវកម្ម ក៏ដូចជា​ប្រជាពលរដ្ឋ ការបោះ​ជំហាន​ទី​ពីរ និង​បន្តបន្ទាប់​របស់​យើង បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​មានការ​យោគយល់​ខ្ពស់​ ។​

​លោក​បាន​បន្តថា ថ្ងៃនេះ ក្រុមការងារ​យើង បាន​ជួបជុំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ភ្នំស្រួច សារជាថ្មី​។ ការ​ត្អូញត្អែរ​របស់​ពួកគាត់ ត្រូវបាន​ជំនួស​មកវិញ ដោយ​ស្នាមញញឹម និង​ភាព​រាក់ទាក់​។ ក៏​ដូចគ្នានេះដែរ ក្រុមអាជីវករ ក៏មាន​ការសប្បាយរីករាយ ដោយ​អាជីវកម្ម​របស់ខ្លួន ត្រូវបាន​អនុញ្ញាត​ឲ្យ​មានដំណើរ​ការឡើង​វិញ ជា​បន្តបន្ទាប់ ក្រោយពី​ខ្លួន បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​កិច្ចព្រមព្រៀង និង​សន្យា​បន្ត​គោរព​ទៅ​ថ្ងៃ​អនាគត។​

​អ្នកតំណាងរាស្ត្រ បាន​មានប្រសាសន៍ថា “​ជាមួយនឹង​ជោគជ័យ​នេះ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​ក្រសួង មាន​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ ម្ចាស់​អាជីវកម្ម និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ក្នុង​ដំណើរការ នៃ​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ខាងលើ​។ ភាពជោគជ័យ​នេះ ពិតជា​មិនអាច​កើតឡើង ដោយ​គ្មាន​ការចូលរួម និង​ការលះបង់​នោះទេ​”​។​

​ក្នុង​ភាពជា​តំណាង ក្រុមការងារ​នឹង​បន្ត នៅ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ តាមដាន និង​ត្រួតពិនិត្យ​និរន្តរភាព​នៃ​ការអនុវត្ត បន្ត​ស្វែងរក​ដំណោះស្រាយ​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​សង្គមជាតិ​យើង​។​

​លោក​បាន​ថ្លែងថា ខ្ញុំ​សូម​ជម្រាបជូន​ថា ថ្មីៗ​នេះ ក្រុមការងារ​បានទទួល​ព័ត៌មាន ពី​ខាង​ក្រសួង​រ៉ែ និង​ថាមពល អំពី​ការអនុញ្ញាតឱ្យ ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ខ្សាច់ និង​ថ្ម ដែលមាន​ទីតាំង នៅ​ស្រុក​ភ្នំស្រួច​គឺ ក្រុមហ៊ុន Seng Hua Minning Co,. Ltd. អោយមាន​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ឡើងវិញ ដោយសារ​ភាព ចាំបាច់​ក្នុង​ការចាក់​ថ្ម បំពេញ​ទីតាំង​សម្រាប់​ការបើក​សម្ភោ​ធ ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​ជាមួយនឹង​ការអនុញ្ញាត ឱ្យ​បន្ត​អាជីវកម្ម​របស់ខ្លួន ក្រុមហ៊ុន​បាន​សន្យាថា ខ្លួន​នឹង​បន្ត​គោរព​តាម គ្រប់​ចំណុច​ដែល​បាន​ព្រមព្រៀង កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ និង​បន្ត​អនុវត្តតាម​ការណែនាំ របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច ក៏ដូចជា សារាចរ​របស់​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ពាក់ព័ន្ធ​យ៉ាង​ខ្ជាប់ខ្ជួន​។​

​បើទោះជា​មាន​ការវិវឌ្ឍ ក្នុង​ភាព​វិជ្ជមាន​ជារួម​ក៏ដោយ ក្រុមការងារ ក៏​នឹង​នៅ​បន្ត​តាមដាន​ការអនុវត្ត និង​ដំណើរការ​ដឹកជញ្ជូន របស់​ក្រុមហ៊ុន​ខាងលើ ដើម្បី​ធានា​មិនឱ្យ​មានការ​ប្រព្រឹត្ត ប្រាសចាក​ពី​លក្ខខណ្ឌ​ណាមួយ ដែល​មានចែង​ក្នុង​សេចក្តីណែនាំ របស់​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ មាន​សមត្ថកិច្ច​ជាដាច់ខាត​។​

​តប​តាម​សំណូមពរ របស់​ប្រជាពលរដ្ឋ ចំនួន​៧​ឃុំ ក្នុងស្រុក​ភ្នំស្រួច អំពី​ផលប៉ះពាល់ ដែល​បណ្តាលមកពី​អាជីវកម្ម​រ៉ែ​ខ្សាច់ និង​ថ្ម ក្រុមការងារ​យើងខ្ញុំ បាន​អញ្ជើញ​ភាគី ដែល​ពាក់ព័ន្ធ​រួមមាន តំណាង​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរខេត្ត ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​តំណាង​ក្រុមហ៊ុន ដើម្បី​ពិភាក្សា ជំរុញឱ្យមាន​ការដោះស្រាយ និង​ឈានទៅដល់​ការអនុវត្ត​ជាក់ស្តែង លើ​ចំណុច​ដែល​បាន​ឯកភាព​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​៖ (១)​សកម្មភាព​នៃ​ការ​កិន និង​ការ​បំផ្ទុះ មិនត្រូវ​ធ្វើ​ហួស​ពី​ម៉ោង ៦ ព្រឹក ដល់​ម៉ោង ៦​ល្ងាច (២) ការ​ស្រោច​ទឹក​ថ្នល់​ជាប្រចាំ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​ជីវភាព និង​សុខភាព ប្រជាពលរដ្ឋ​រស់នៅ តាម​ដងផ្លូវ (៣) ការដឹកជញ្ជូន ត្រូវ​រក្សា​នូវ​គម្លាត​យ៉ាងតិច ១៥០​ម៉ែត្រ ពី​រថយន្ត​មួយ ទៅ​រថយន្ត​មួយ និង​ដោយ​រក្សា​ល្បឿន​យឺត​បំផុត នៅក្នុង​ទីប្រជុំជន ហើយ (៤) ក្រុមហ៊ុន ត្រូវ​រួមគ្នា​ចេញ​បដិភាគ ជួសជុល​ផ្លូវ ដែល​រង​ការខូចខាត ដោយសារ​ការដឹកជញ្ជូន​របស់ខ្លួន​។​

​គួរ​រំលឹក​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ស្វាគមន៍​ចំពោះ​ការវិនិយោគ​ធនធាន​រ៉ែ ដើម្បី​ចូលរួមចំណែក ចំពោះ​តម្រូវការ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច តែ​ការប្រកប​អាជីវកម្ម​នោះ ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស មិនត្រូវ​ធ្វើឱ្យប៉ះពាល់ ដល់​សហគមន៍ ជីវភាព និង​សុខុមាលភាព ប្រជាពលរដ្ឋ​ឡើយ​។​

​ក្រុមការងារ នឹង​បន្ត​តាមដាន យ៉ាង​យកចិត្តទុកដាក់​បំផុត ចំពោះ​ការអនុវត្ត នូវ​កិច្ចព្រមព្រៀង​ខាងលើ ធ្វើយ៉ាងណា ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាព​ឈ្នះ ឈ្នះ សម្រាប់​ភាគី​ទាំងអស់​នៅ​ក្នុ​ង​រឿងនេះ​៕ ​ដោយ ​៖ ​កូ​ឡាប​

×