(សៀមរាប)៖ សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង០១និង១០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការ ជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានចូលបង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែង យីហោ SC ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួន ៣៩នាក់ ក្នុងនោះស្រីចំនួន ៧ នាក់ និង ថ្នាំញៀនសម្រាប់ប្រើប្រាស់មួយចំនួន ជាថ្នាំម្សៅម៉ដ្ឋពណ៌-ស សរុបចំនួន២១កព្ចាប់ , ថ្នាំគ្រាប់ចំនួន៩គ្រាប់ និង៣កំណាត់ , កូនថង់ដែលប្រើប្រាស់ហើយចំនួន១៣ថង់ និង កូនថង់មិនទាន់ប្រើចំនួន៤៨ថង់ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាន ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។
ជាក់ស្ដែងការបង្ក្រាបនៅយប់មិញនេះ ក្រោមការបញ្ជាពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងស្ថិតក្រោមការសម្របសម្រួលពី លោក ថេង សំណាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។
បើតាមលោកឧត្តមសេនីយ៍ត្រី អ៊ុ អមរ៉ា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅទីតាំងខារ៉ាអូខេ SC នេះកម្លាំងជំនាញ ឃាត់ខ្លួនបានមនុស្ស៣០នាក់ (ស្រី០៧នាក់) ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន២១កញ្ចប់, ថ្នាំញៀន អិចស្តាស៊ី៩គ្រាប់ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ចាត់ការបន្ដតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ