តាមកាសែត Qilu Evening News នោះហេតុការណ៍ពុំធ្លាប់មាននេះបានកើតឡើងនៅថ្ងៃច័ន្ធ សប្តាហ៍មុន គ្រាដែលបុរសវ័យ ២៦ឆ្នាំម្នាក់ បានរអិលដួលនៅយប់អាធ្រាត ក្នុងផ្ទះរបស់ខ្លួន នៅស្រុកលីស៊ា ខេត្តសានតុង ប្រទេសចិន ។ ក្រុមគ្រួសារទើបដឹងហេតុការណ៍នៅព្រឹកថ្ងៃបន្ទាប់ពេលឃើញបុរសនេះដេកក្នុងថ្លុកឈាម ។
ពុំបានចាំថាហេតុអ្វីបានជាគ្រាប់ភ្នែកខ្ទាតចេញបាត់ ។
បន្ទាប់ពីទៅដល់មន្ទីរពេទ្យ Shandon Quianfoshan ទើបដឹងថាគ្រាប់ភ្នែករបស់គាត់បានខ្ទាតចេញពី “ប្រអប់ភ្នែក” បាត់ហើយ ។ ភ្លាមៗនោះក្រុមគ្រួសារក៏នៅឯផ្ទះទូរស័ព្ទប្រាប់ថាគេបានឃើញ “គ្រាប់ភ្នែក”នៅឯផ្ទះ ។
គ្រូពេទ្យបានត្រឹមដេរភ្ជិត “មុខរបួស” ឲ្យបុរសនោះវិញ។
បណ្ឌិតវេជ្ជសាស្ត្រខាងភ្នែក Ma Baofeng ប្រាប់អ្នកកាសែតថា ៖ “គ្រាប់ភ្នែកបានខ្ទាតចេញប្រមាណយ៉ាងតិច ៦ ម៉ោង មុនពេលអ្នករងគ្រោះមកដល់ពេទ្យ ។ វាពិតជាយូរណាស់សម្រាប់គ្រាប់ភ្នែកមួយនៅខាងក្រៅប្រអប់ភ្នែក ហើយវាបានរងទទួលមេរោគ…” ។ ហេតុនេះជាបឋមមានតែដេរភ្ជិតមុខរបួសសិន ។ ម្យ៉ាងទៀតសរសៃឈាម និងសសរសៃវិញ្ញាណក៏បានដាច់ចេញទាំងស្រុងដែរ ។
គ្រូពេទ្យក៏បានបញ្ជាក់ថា គាត់បានបាត់បង់ឱកាសប្តូរភ្នែកថ្មី ទោះបីមានអ្នកបរិច្ចាក ហើយនៅសល់ត្រឹមការដាក់កែវភ្នែកក្លែងក្លាយមួយ កុំឲ្យខូចសោភ័ណភាពប៉ុណ្ណោះ ។
រហូតដល់ពេលនេះគេនៅពុំទាន់ដឹងថា មូលហេតុអ្វីបានធ្វើឲ្យគ្រាប់ភ្នែកខ្ទាតដាច់ចេញមកក្រៅឡើយ ខណៈម្ចាស់ “គ្រាប់ភ្នែក” បានសារភាពថាខ្លួនស្រវឹងខ្លាំងណាស់ ហើយពុំចងចាំអ្វីទាំងអស់ ។
ស្រវឹងដល់ថ្នាក់នេះពិតជា… មិនទាន់មានក្នុង “រូបមន្ត” អ្នកផឹកទេ!
ចន្ទ្រា