យោធាអាមេរិចកំពុងពិចារណារក្សាទុកទាហ៊ានរហូតដល់ ១.០០០នាក់នៅក្នុងប្រទេសស៊ីរី ដែលខុសពីគំរោងដើមរបស់លោក ដូណាល់ ត្រាំ ដែលចង់ដកទ័ពចេញពីស៊ីរីទាំងស្រុង។ នេះបើតាមការបញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិចនៅថ្ងៃអាទិត្យ ម្សិលមិញនេះ។
ទាហ៊ានទាំងអស់នឹងត្រូវដាក់ពង្រាយពីភាគខាងជើង ទៅខាងត្បូង ប្រទេសស៊ី ដើម្បីឲ្យបន្តធ្វើកិច្ចការជាមួយនឹងក្រុម Kurdish។
មន្ត្រីអាមេរិចនិយាយថា ចំនួនទ័ពរបស់បស្ចឹមប្រទេសដែលនឹងត្រូវនៅក្នុងប្រទេសស៊ីរី កំពុងស្ថិតក្នុងការសម្រេចចិត្តនៅឡើយ។
នៅពេលជាមួយគ្នានេះដែរ ទីក្រុងវ៉ាស៊ីនតោនមានគំរោងដកទ័ពរាប់រយនាក់ចេញ នៅពេលកន្លែងឈរជើងចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាមត្រូវវាយដណ្តើមបាន ហើយគំរោងដកទ័ពនោះនឹងស្របតាមគំរោងរបស់លោក ដូណាល់ ត្រាំ។
សូមរំលឹកថា កាលពីខែ កុម្ភៈ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិចនឹងរក្សាទុកតែទាហ៊ានចំនួន ២០០នាក់ប៉ុណ្ណោះនៅក្នុងប្រទេសស៊ីរី ហើយនៅថ្ងៃបន្ទាប់ លោក ត្រាំ បានបញ្ជាក់ថា អាមេរិចនឹងរក្សាទ័ពមួយចំនួនទុកនៅស៊ីរី ជាមួយនឹងទ័ពរបស់បណ្តាប្រទេសផ្សេងៗទៀត។
បច្ចុប្បន្ន មានទ័ពអាមេរិចចំនួន ២.០០០កំពុងស្ថិតនៅក្នុងប្រទេសស៊ីរី៕
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua