ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខណ្ឌទាំង១២ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនិងមន្ទីរពាក់ព័ន្ធនានា ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំប្រឹងប្រែង សហការអនុវត្តទិសដៅ និងភារកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញកន្លងមក ដែលរាជរដ្ឋបាលបានប្រគល់ជូន ក្នុងការបម្រើដល់ការងារសន្តិសុខ-សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានយ៉ាងល្អប្រសើរ ។
រដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ថ្លែងនៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ កន្លងមក ក្នុងឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារទទួលបានសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូចជាការរៀបចំសន្តិសុខ សណ្តាប់សាធារណៈ ជាមួយនិងសេវាសាធារណៈជូនប្រជាពលរដ្ឋ ប៉ុន្តែទទឹមនិងសម្រេចបាននូវសម្មិទ្ធិផលទាំងនេះ ក៏នៅតែមានបញ្ហាប្រឈមមួយចំនួននៅសេសសល់ ដែលទាមទារ អោយរួមគ្នាដោះស្រាយក្នុងឆ្នាំ២០១៩ បន្តទៀត ក្នុងនោះរួមមាន៖ ការអនុវត្តច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ ការធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ និងការប្រើប្រាស់អក្សរបរទេសលើផ្ទាំងផ្សព្វផ្សាយជាដើម ។
លោកអភិបាលរាជធានី បានបន្តឲ្យដឹងទៀតថា ទាក់ទិននឹងអង្គសន្និតបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩នេះ គឺជាការបូកសរុប វាយតម្លៃដកស្រង់បទពិសោធន៍លទ្ធផលការងារឆ្នាំថ្មី ២០១៩ នៃការអនវុត្តវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា និងជាការចាប់ផ្តើម នៃការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។ លោកបានបន្តថា ដើម្បីកំណត់ទិសដៅអនុវត្តការងារឆ្នាំ២០១៩ បានយ៉ាងលម្អិត អង្គសន្និបាតបានរក្សាវិធីសាស្ត្របែងចែកជាក្រុម ដើម្បីធ្វើការពិភាក្សាដូចជា ១ វិធានការជំរុញការ ងារអនុវត្តច្បាប់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ២ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញចូលតែមួយ ៣ ការធ្វើប្រទានកម្មដីធ្លី ជូនប្រជាពលរដ្ឋ និងទី៤ វិធានការទប់ស្កាត់ការប្រើប្រាស់អក្សរបរទេសនៅលើអក្សរខ្មែរ ឬ អក្សរបរទេសសុទ្ធដោយគ្មានកម្មសិទ្ធបញ្ញា លើផ្ទាំងផ្សព្វផ្សាយផ្សេងៗ ។ជាមួយគ្នានោះលោកបានជំរុញ ដល់សមាជិក-សមាជិកការនៃអង្គសន្និបាតទាំងអស់ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ ចូលរួមអោយពេញលេញ ទៅតាមកម្មវិធីនៃអង្គសន្និបាត និងយកអស់បញ្ញាញាណ ស្មារតី ចែករំលែកមេរៀន បទពិសោធន៍ ដែលបានអនុវត្តកន្លងមកឲ្យបានផុសផុល ក្នុងន័យរិះរកនូវដំណោះស្រាយ មធ្យោបាយ និងវិធានការ ដើម្បីឆ្លើយតប ទៅនិងបញ្ហាប្រឈមថ្មីៗ និងត្រូវធានា ឲ្យដំណើរការនៃអង្គសន្និបាត ប្រព្រឹត្តទៅទទួលបានជោគជ័យ ។
លោកបានបញ្ជាក់ថា បញ្ហាសំខាន់ៗខាងលើនេះ ទាមទាឲ្យយើងប្រឹងប្រែងរួមគ្នាថែមទៀតដើម្បីថែរក្សា និងពង្រីកបន្ថែមនូវស្នាដៃ និងសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានក្នុងឆ្នាំ២០១៨ ហើយសំណុំបញ្ហាទាំងនេះ ក៏ជាការងារអាទិភាពដែល ត្រូវពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធភាព សំដៅធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយ ជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សង្គមលើគ្រប់វិស័យ ៕ ដោយ ៖ កូឡាប