ខេត្តរតនគីរី ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ បានសំណូមពរប្រជាពលរដ្ឋ ត្រូវចេះអប់រំណែនាំគ្នា កុំឲ្យប៉ះពាល់ លាក់ទុក ឬ កែច្នៃមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់គ្រប់ពេលវេលា និងត្រូវរាយការណ៍មកសមត្ថកិច្ច។
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹង ពីសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ប្រជាពលរដ្ឋនៅភូមិឡំថ្មី ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយការចូលរួមពី អាជ្ញាធរមូលដ្ឋាន ស្នងការនគរបាលខេត្ត តំណាងប្រតិបត្តិករបោសសម្អាតមីន MAG&NPA និងប្រជាពលរដ្ឋចូលរួមប្រមាណជិត ១០០០នាក់។
លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងពីតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឈានទៅដល់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ពិតជាមិនចង់ឃើញ ប្រជាពលរដ្ឋណាម្នាក់ ទទួលរងគ្រោះថ្នាក់ ដោយឃាតករលាក់មុខ ដូចជាស្លាប់ របួស ធ្លាក់ខ្លួនពិការ មុនអាយុដោយសារគ្រាប់ទាំងនោះទេ សម្តេចទាំងទ្វេរ ចង់ឃើញប្រជាពលរដ្ឋ មានអាយុវែង រស់ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពី ការគ្រប់គ្រងអាវុធ ជាតិផ្ទុះ ឲ្យតឹងរ៉ឹងបំផុត និងសំណូមពរប្រជាពលរដ្ឋទាំងអស់ គ្រួសារនីមួយៗ ត្រូវចេះអប់រំណែនាំគ្នា កុំឲ្យប៉ះពាល់ លាក់ទុក ឬ កែច្នៃមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះវាអាចបណ្តាល ឲ្យមានគ្រោះថ្នាក់គ្រប់ពេលវេលា និងត្រូវរាយការណ៍ មកសមត្ថកិច្ចពាក់ព័ន្ធ មេភូមិ មេឃុំ នគរបាល ឬ ប្រតិបត្តិករបោសសម្អាតមីន និងគ្រាប់ដែលនៅជិតបំផុត ដើម្បីមានវិធានការប្រមូល យកទៅកម្ទេចចោល ៕ ដោយ ៖ បញ្ញាស័ក្តិ