មណ្ឌលគិរី ៖ បើតាមការឱ្យដឹងពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់ អគ្គីភ័យ និងសង្គ្រោះអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១៥និង៣០នាទី យ៉ាង ហោចណាស់ក្មេងស្រីជម្ទង់ចំនួន០២ នាក់ បានស្លាប់ និងស្ត្រី០២នាក់ រងរបួសកំពុងតែសង្គ្រោះបន្ទាន់ និងផ្ទះចំនួន០៤ខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងស្ថិតនៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌុលគីរី ។
នគរបាលបានបញ្ជាក់ថា ក្មេងស្រី 2 នាក់ដែលបានស្លាប់ ឈ្មោះ ហ៊ាង សម្ភស្ស អាយុ១៧ឆ្នាំ និងឈ្មោះ ហ៊ាង ស្រីលីន អាយុ ១៤ឆ្នាំ ។ អ្នករងរបួសស្រាលចំនួន០២នាក់ (ភេទស្រី) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់។
ម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ភេទប្រុសអាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
កិច្ខប្រតិបត្តការខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង និងបានប្រើទឹកអស់ចំនួន ២៥ឡាន មកពី រថយន្តរបស់ស្នងការចំនួន០៤ គ្រឿង និងរថយន្តរបស់អធិការស្រុកពេជ្រាដាចំនួន០១គ្រឿង ។
នគរបាលបានបញ្ជាក់ពីមូលហេតុ គឺមកពីការផ្ទេរប្រងចូលស៊ីទែនគ្មានលក្ខណ:បច្ចេកទេស ធ្លាយសាំងទៅចង្រ្កានហ្គាស់ (ចូលស៊ីទែនរបស់ឈ្មោះ ហ៊ាង សុធីទើបបណ្តាលឲ្យផ្ទុះឆេះតែម្តង។
លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ស្ថានភាពអគ្គីភ័យឆេះស្ថានីយ៍ ប្រេងសាំងនៅឃុំពូជ្រៃ សមត្ថកិច្ចអាចគ្រប់គ្រង សភាពការបានទាំងស្រុងហើយ ប៉ុន្តែជាអកុសក្មេងៗចំនួនពីរនាក់ បានស្លាប់ក្នុងហេតុការណ៍នេះ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលបញ្ជាផ្ទាល់ នៅកន្លែងកើតហេតុបាន ដឹកនាំកម្លាំងចម្រុះ បន្តពន្លត់រងើកភ្លើង ដែលនៅសេសសល់ នឹងរៀបចំសណ្តាប់ធ្នាប់កន្លែងកើតហេតុ ជៀសវាងមានអណ្តាតភ្លើងឆាបឆេះថែម ៕ ដោយ៖កូឡាប