នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង នាពេលខាងមុខនេះ អាជ្ញាធរខេត្ត សហការជាមួយ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ នឹងរៀបចំ ព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានរៀបចំកម្មវិធីសាសនា និងល្បែងប្រជាប្រិយ៍ ជាច្រើន សម្រាប់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលលេងកម្សាន្ត នៅបរិវេណ សួនព្រះរាជដំណាក់ ។
អាស្រ័យហេតុនេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ ចូលរួមកំសាន្តអោយបានច្រើនកោះករ ។ សៀមរាបសូមស្វាគមន៍ ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ នេះ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជា មិនបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេ ប៉ុន្តែសហភាពសហព័ន្ធយុវជនខេត្តសៀមរាប សហការជួយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយ៍ជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត នៅតំបន់ព្រះអង្គចេកព្រះអង្គចម ។
លោក ទៀ សីហា មានប្រសាសន៍ទៀតថា បើទោះបីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មិនបានធ្វើ ប៉ុន្តែសូមបងប្អូនមកកម្សាន្តសប្បាយនៅខេត្តសៀមរាបដូចឆ្នាំមុនៗទៀត ព្រោះនៅខេត្តសៀមរាប មានរៀបចំសៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយ៍ជាច្រើន ហើយក្រៅពីនេះបងប្អូនអាចទៅកំសាន្តនៅតាមប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិជាច្រើន សម្បូរបែបទៀត ដែលមាននៅក្នុងខេត្តសៀមរាបនេះ ។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយស្ថាប័នជាតិច្រើន បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល៦ឆ្នាំមកហើយ គឺចាប់ពីតាំងពីឆ្នាំ២០១៣មកម្លេះ ហើយព្រឹត្តិការណ៍កន្លងមកនេះ បានបង្ហាញអំពីវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជាដែលមាននៅគ្រប់ទីកន្លែងនៃទឹកដី ខណៈដែលបច្ចុប្បន្នកំពុងត្រូវបានយកចិត្តទុកដាក់ស្រាវជ្រាវ រុករកយកមកថែរក្សា និងអភិវឌ្ឍន៍ ហើយការលើកតម្លៃវប្បធម៌ និងទំនៀមទម្លាប់តាមរយៈការអប់រំ ការចូលរួម និងការកំសាន្តរីករាយ នាឱកាសពីធីបុណ្យចូលឆ្នាំថ្មីក្នុងនាមជាមហាគ្រួសារខ្មែរ ជាមួយភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកប ដោយស្មារតីសាមគ្គីភាព ភាតរភាព និងសុខដុមរមនីយកម្ម ជាពិសេសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានទាក់ទាញ់ភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ ៕ ដោយ ៖ បញ្ញាស័ក្តិ