ត្រីបាឡែនតូចមួយក្បាល បានងាប់នៅប្រទេសភីលីពីន ដោយការខ្សោះជាតិទឹក និងអត់អាហារ ក្រោយពេលវាស៊ីប្លាស្ទិច ៤០គីឡូក្រាម។ នេះបើតាមការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ។
ជីវវិទូផ្នែកសមុទ្រ និងអ្នកបរិស្ថាន ឈ្មោះ Darrell Blatchley បានថ្លែងប្រាប់ CNN ថាត្រីបាឡែនតូចមួយក្បាលនោះមានរាងកាយស្គម និងខ្សោះជាតិទឹក ហើយវាបានក្អួតឈាម មុនពេលវាងាប់។
សាកសពនោះត្រូវបានរកឃើញនៅជ្រលងមួយក្នុងទីក្រុង Mabini ប្រទេសភីលីពីន។ ក្រុមអ្នកវិទ្យាសាស្ត្របានយកសាកសពរបស់វាទៅកន្លែងពិសោធន៍ ហើយបានរកឃើញថា វាងាប់ដោយសារប្លាស្ទិចជាច្រើនដែលលេបចូលពោះ។
ប្លាស្ទិចដែលវាលេបចូលជាង ៤០គីឡូក្រាមនោះ មានដូចជាបាវអង្ករ និងថង់ប្លាស្ទិចដាក់ទំនិញជាច្រើន។ ប្លាស្ទិចទាំងនោះចាប់ផ្តើមបញ្ចេញសារធាតុរបស់វា ជាហេតុធ្វើឲ្យត្រីបាឡែននោះងាប់ ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព ៖ CNN