កោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា រថយន្តដឹកកៅស៊ូថ្នល់ របស់ជនជាតិវៀតណាម ដាច់កាប៉ែនហ្វ្រាំង ជ្រុលចង្កូតធ្លាក់ជ្រោះ បណ្តាលឲ្យស្លាប់តៃកុងរថយន្ត ដែលករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២០ នាទី ល្ងាច នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ ៤៨ ត្រង់ចំណុចអន្ទង់អាំងធំ ចន្លោះគីឡូម៉ែត្រលេខ ៦១ – ៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ។
រថយន្ត ធុនធំ ពណ៌ ទឹកក្រូច ពាក់ស្លាកលេខ វៀតណាម 30M9241 ដឹកកៅស៊ូចាក់ថ្នល់ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិភ្នំដិន (មានលិខិតត្រឹមត្រូវ) បើកបរដោយឈ្មោះ HO MINH KHANG ភេទប្រុស កើតថ្ងៃទី ១៤.០៧.១៩៨៨ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C6209283 បានបើកមកដល់ចំណុចខាងលើ ក៏ដាច់កាប៉ែនហ្វ្រាំង ជ្រុលចង្កូតធ្លាក់ជ្រោះ បណ្តាលឲ្យស្លាប់ និងអ្នករួមដំណើរជាមួយ រងរបួសស្រាល ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលខេត្តកោះកុង បានជួយសង្គ្រោះ និងរុករកសាកសព ដែលធ្លាក់ទៅក្នុងជ្រោះ យកឡើងមកលើ ដើម្បីប្រគល់ជូនខាងក្រុមហ៊ុន យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ កូឡាប