តាកែវ ៖ ដោយអនុវត្តតាមចរាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាអគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលស្តីពីការទប់ស្កាត់រាល់ការនាំសត្វជ្រូករស់ចូលមកពីប្រទេសវៀតណាម ខណៈពេលដែលកំពុងតែមានផ្ទុះជំងឺឆ្កួតអាហ្វ្រិកនោះនៅថ្ងៃទី ១៨ ខែមីនា ២០១៩ នេះ លោកថៃ លី ប្រធានការិយាល័យបសុព្យាបាលនិងផលិតកម្មសត្វខេត្តដោយមានការសម្របស្រមួលនីតិវិធីពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត និងសហការជាមួយសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងលោក ហ៊ុន សារ៉ាត់ ប្រធានការិយាល័យត្រួតពិនិត្យអានាម័យបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្មរួមនិងមន្ត្រីជំនាញពាក់ព័ន្ធបានធ្វើការចុះចាប់សត្វជ្រូកដែលឈ្មួញ បានលួចនាំចូលមកដោយខុសច្បាប់ ហើយយកលាក់ទុកនៅក្នុងឃ្លាំងស្តុកជ្រូកនៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដែលក្រុមឈ្មួញបម្រុងនិងរៀបចំនាំចេញ ចែកចាយបន្ត ។
លោកថៃ លី នាយការិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្តបានអោយដឹងថាបន្ទាប់ពីមានសារាចរណែនាំពីរដ្ឋមន្រី្តនឹងអគ្គនាយកដ្ឋាននោះកំលាំងរបស់លោកតែងតែចុះល្បាតនឹងពិនិត្យនៅតាមច្រករបៀងដែលឈ្មួញបាននាំជ្រូកចូលមកនាពេលកន្លងមកជាប្រចាំនៅគ្រប់ច្រករបៀងដែលមាននៅជាប់ព្រំប្រទល់ ។ លោកបានបន្តទៀតថាចំពោះឈ្មួញនឹងជាម្ចាស់ទីតាំងដែលបានលួចនាំជ្រូកចូលមកស្តុបទុកដើម្បីធ្វើការចែកចាយដល់ទីតាំងសត្វឃាត សម្រាប់កាប់សាច់លក់នោះមានឈ្មោះសាន រ៉ា ភេទប្រុស រស់នៅភូមិឃុំខាងលើ ហើយសត្វជ្រូកដែលយើងចាប់បានជាក់ស្តែងមានចំនួន២៥ក្បាល ក្រោយពីចាប់បានហើយកំលាំងជំនាញក៏បាននាំយកសត្វជ្រូកទាំងអស់នោះមករក្សាទុកនៅការិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្តដើម្បីចាត់ការបន្ត។
សូមបញ្ជាក់ផងដែរថា ចំពោះសត្វជ្រូកទាំង ២៥ក្បាលនោះត្រូវបានមន្ត្រីជំនាញ ធ្វើការបូមឈាមយកទៅពិនិត្យនៅឡាប៉ូ នៅអគ្គនាយកដ្ឋានហើយនៅព្រឹកថ្ងៃទី១៩ខែមីនានេះ តែចំពោះលទ្ធផល នៅមិនទាន់ដឹងនៅឡើយទេ ថាសត្វជ្រូកនោះមានជំងឺឬយ៉ាងណា ៕ ដោយ ៖ តាកែវ