ភ្នំពេញ ៖ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានឲ្យដឹងថា នៅថ្ងៃទី១៨ មីនា ២០១៩ វេលាម៉ោង ១៥ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីរំលោភលើទំនុកចិត្ត ដោយប្រើល្បិចយកលុយក្រុមហ៊ុនដោយគ្មានគារអនុញ្ញាត នៅចំណុចក្រុមហ៊ុនមេឌីវ៉េត ផ្ទះលរច៣២៣ង ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ ភាង សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់កាកាប ខណ្ឌព្រែកព្នៅ។ ចំណែកជនរងគ្រោះ ឈ្មោះ ប្រាក់ អ៊ីងវង្សធារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះលេខ១១D ផ្លូវបេតុង ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបន្សល់ទុក វិក្កយបត្រមួយចំនួន ។ សម្ភារៈបាត់បង់ ៖ លុយដុល្លារ ៣១.០០០ដុល្លារ ។
អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានបន្ថែមថា មុនពេលកើតហេតុ ថ្ងៃទី១០ មិថុនា ២០១៤ ជនសង្ស័យ បានចូលធ្វើការ នៅក្នុងក្រុមហ៊ុនខាងលើ ដោយទទួលការងារទីផ្សារ និងបានយកពងមាន់ ពីក្រុមហ៊ុនទៅបោះឲ្យម៉ូយ នៅតាមទីផ្សារ រួចជនសង្ស័យ បានប្រមូលលុយពីម៉ូយ មកចាយវាយ ដោយប្រាប់ក្រុមហ៊ុនថា ម៉ូយមិនទាន់ទូទាត់លុយថ្ងៃពងមាន់ឲ្យខ្លួន បន្ទាប់មកខាងក្រុមហ៊ុនបានដឹងថា ជនសង្ស័យបានប្រមូលលុយ ពីរម៉ូយសរុបចំនួន ៣១.០០០ដុល្លារ ហើយមិនយកមកទូទាត់ជាមួយក្រុមហ៊ុន ទើបនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៣០នាទី ជនរងគ្រោះតំណាងក្រុមហ៊ុនខាងលើ បាននាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បាលទឹកថ្លា ធ្វើការសាកសួរ រួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ ជនសង្ស័យតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ