តាកែវ៖ ត្រីងៀតបបែលប្រមាណជាជិត ១០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ ធ្វើការដកហូត និងយកមកដុតកំទេចចោល ខណៈដែលអជីវករនៅក្នុងផ្សារអង្គតាសោម ស្រុកត្រាំកក់ ដាក់លក់នៅលើទីផ្សារ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ២០១៩នេះ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានអោយដឹងថា នៅព្រឹកនេះមន្ត្រីជំនាញរបស់លោក បានសហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះមន្ត្រីជំនាញរបស់យើងបានត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ បង្គារ មឹក ជ្រក់ស្ពៃ សរសៃគុយទាវបាញ់កាញ់ ខ្ញីហាន់ លត បបែលងៀតដើម្បីរកសារធាតុគីមីហាមឃាត់ដែលដាក់លើផលិតផលម្ហូបអាហារទាំងនោះ ជាលទ្ធផលបានរកឃើញសារធាតុគីមីបូរ៉ាក់ លើក្បាលត្រីបែបលងៀតដែលកំពុងតែដាក់លក់នៅផ្សារអង្គតាសោមចំនួន ៨.៥គីឡូក្រាម ។
ក្រោយពេលរកឃើញសារធាតុគីមីបូរ៉ាក់ដែលដាក់លើត្រីងៀតបបែលនោះ មន្ត្រីជំនាញសាខាកាំកុងត្រូលបានធ្វើការដកហូត និងធ្វើការអប់រំណែនាំដល់អជីវករត្រូវបញ្ឈប់ការលក់ផលិតផលដែលមានផ្ទុកនៅសារធាតុគីមីតទៅទៀត ព្រោះផលិតផលទាំងនោះគឺបង្កអោយអ្នកបរិភោគទៅ ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរណាស់ ដូច្នេះសូមអោយបងប្អូនដែលជាអជីវករទាំងអស់ ចូលរួមទាំងអស់គ្នាលក់ម្ហូបអាហារណាដែលគ្មានផ្ទុកនូវសារធាតុគីមី ហើយត្រូវគិតពីកត្តាផលប៉ះពាល់ជាធំ ដោយមិនត្រូវគិតតែពីផលជំនេញពេកនោះទេ ៕តាកែវ