Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អា​គិ​ហិ​រូ​កា​តូ ជនជាតិ​ជប៉ុន តំណាង​ឲ្យ​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ​សៀមរាប នាំយក​ថវិកា​៤.០៤៥​ដុល្លារ ជូន​ដល់​គ្រួសារ​សព លោក ហ៊ឹម ចាន់​, ជនជាតិ​ជប៉ុន​2​នាក់ ត្រូវ​ឃុំខ្លួន​

​សៀមរាប​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ លោក អា​គិ​ហិ​រូ កា​តូ ជនជាតិ​ជប៉ុន អាយុ​៣៩​ឆ្នាំ តំណាង​ឲ្យ​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ សៀមរាប ស្ថិតក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​នាំយក​ថវិកា​ចំនួន​៤.០៤៥​ដុល្លារ​អាម៉េរិក ជូន​ដល់​គ្រួសារ​សព លោក ហ៊ឹម ចាន់ ដោយមាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​នគរបាល​ខេត្តសៀមរាប​។

ជនជាតិ​ជប៉ុន​២​នាក់ ដែល​បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​អ្នកបើករថយន្ដ​តាក់ស៊ី យ៉ាង​សាហាវព្រៃផ្សៃ

​ដោយ​មិន​ញញើត​ដៃ ដើម្បី​ប្លន់​យក​រថយន្ដ​តាក់ស៊ី ម៉ាក Highlander នៅ​ស្រុក​ពួក នោះ​ត្រូវបាន​តុលា​ការចេញ​ដីកាឃុំខ្លួន ដាក់ពន្ធនាគារ​ហើយ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​យោងតាម​ដីកា​របស់លោក ជូ លឹម​ហ៊ាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប ។​

នៅក្នុង​ដីកា​របស់​តុលាការ ជនជាតិ​ជប៉ុន​ទាំង​២​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ឃាតកម្ម​គិតទុក​ជាមុន​» តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​ ។​

នៅ​ថ្ងៃទី​ ២០​ មីនា​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ “​សារ​ចូលរួម​រំលែក​ទុក្ខ​របស់​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​» ​ខ្ញុំ​ពិតជា​ក្រៀមក្រំ នៅពេលដែល​បានឮ​ដំណឹង​ថា អ្នកបើកបរ​រថយន្ត​ឈ្នួល លោក ហ៊ឹម ចាន់ ត្រូវ​ជនជាតិ​ជប៉ុន​ពីររូប សម្លាប់​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​។

​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុមគ្រួសារ​របស់លោក​។ សូម​វិញ្ញាណក្ខន្ធ​លោក ទៅកាន់​សុគតិភព​”​។​

​សូមបញ្ជាក់ថា ជនជាតិ​ជប៉ុន​២​នាក់ បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​អ្នកបើករថយន្ដ​តាក់ស៊ី យ៉ាង​សាហាវព្រៃផ្សៃ​ដោយ​មិន​ញញើត​ដៃ ដើម្បី​ប្លន់​យក​រថយន្ដ​តាក់ស៊ី ម៉ាក Highlander ដែល​ពួកគេ​ម៉ៅ​ជិះ​មកពី​ស្វាយ​ស៊ី​សា​ផុន ខេត្តបន្ទាយមានជ័យ ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ក្នុងតម្លៃ​៣០​ដុល្លារ ប៉ុន្ដែ​មិនបាន​សម្រេច​នោះទេ ដោយ​ត្រូវ​ប្រជាពលរដ្ឋ ប្រជា​ការពារ សហការ​ជាមួយ​សមត្ថកិច្ច​តាម​ចាប់បាន​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​ដ៏​រន្ធត់​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ដែល​បណ្ដាល​ឲ្យ​ជនរងគ្រោះ ម្ចាស់​រថយន្ដ​តាក់ស៊ី​ឈ្មោះ ហ៊ឹម ចាន់ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ស្លាប់​ធ្លាក់​ចេញ​ពីលើ​រថយន្ដ​។

​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ISHIDA REIMON បាន​ឆ្លើយថា នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង​០២​នាក់ ទី​១៖​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​២៖ ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នៅវេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ខែ​ឆ្នាំ​ដដែល ពួកគេ​បាន​ជិះ​តាក់ស៊ី​ទៅ​ខេត្តសៀមរាប ពួកគេ​បាន​សម្រាក​នៅ សណ្ឋាគារ​មួយកន្លែង ក្នុង​ក្រុង​សៀមរាប​មិន​ចាំ​ឈ្មោះ ក្នុង​គោលបំណង​រក​លួច​រថយន្ត ឬ​ប្លន់​ប៉ុន្តែ​លំបាក​ធ្វើ​សកម្មភាព​ព្រោះ​កាមេរ៉ា​ច្រើន​។​

​លុះ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ពួកគេ​បាន​រក​តាក់ស៊ី​ជិះ​ទៅ ស្វាយ​ស៊ី​សា​ផុន ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង​ស្វែងរក​ឡាន​តាក់ស៊ី​ថ្មី ដើម្បី​ប្លន់​យកមកប្រើ​ប្រាស់​ជា​មធ្យោបាយ​សម្រាប់ធ្វើ​បន្តទៀត ពេលទៅដល់​ស្វាយ​ស៊ី​សា​ផុន ពួកគេ​បាន​រក​តាក់ស៊ី​ថ្មី​បានជា រថយន្ត​ជនរងគ្រោះ ម៉ាក Highlander ព័ណ៌​ស្ករ ស្លាក​លេខ​2AB-5218​។​

​ពួកគេ​ប្រាប់​ជនរងគ្រោះ​ថា ចង់ទៅ​សៀមរាប ហើយ​ត្រូវ​គ្នា​ក្នុងតម្លៃ​៣០​ដុល្លារ ពួកគេ​ក៏​ឡើង​តាក់ស៊ី​ដោយ​ជិះ​តែ​០៣​នាក់​គត់ (​តៃកុង​តាក់ស៊ី និង​ពួកគេ​០២​នាក់​) ជិះ​នៅ​កៅអី​ខាងក្រោយ​តៃកុង ពេល​ជិះ​ដល់​ចំណុចកើតហេតុ ពួកគេ​បាន​ប្រាប់​តាក់ស៊ី​ឲ្យ​ឈប់ ឈ្មោះ ISHIDA REIMON បាន​បើកទ្វារ​តាក់ស៊ី​ចុះ ដោយ​ទុក​ឲ្យ​បក្ខ​ពួកខ្លួន ធ្វើ​សកម្មភាព​ប្លន់​សម្លាប់​យក​រថយន្ត​។​ ២​នាទី​ក្រោយមក រូបគេ​ក៏​បើកទ្វារ​តាក់ស៊ី​ឃើញ បក្ខពួក​ខ្លួន​កំពុង​យក​កា​បិត អារ​-​ក និង​ចាក់​ជាច្រើន​កាំបិត​លើ​ជនរងគ្រោះ ដោយ​ជនរងគ្រោះ​កំពុង​រើ​បំរាស់ ភ្លាមនោះ​ជនរងគ្រោះ​ក៏​ធ្លាក់​ចេញ​ពីលើ រថយន្ត​ដោយ​ខ្លួនឯង រួច​រូបគេ​បាន​ឡើង​រថយន្ត​បើក​ចេញពី​កន្លែងកើតហេតុ បាន​ប្រហែល​៣០​ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅបុក​គោយន្ត ហើយ​ពួកគេ​ក៏​បើកទ្វារ​ចុះ​រត់ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ បានតែ​ម្តង​។​

​ក្នុង​ហេតុការណ៍​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ដកហូត​បាន​វត្ថុតាង កាំបិត​ប្រវែង​កន្លះ​ម៉ែត្រ​០១​ដើម និង​ដំបង​រលាស់​០១​ដើម ដែល​ពួកគេ​យកតាម​ខ្លួន​ពី​ប្រទេស​ជប៉ុន​។ ចំណែក​កាំបិត​ដែល​ធ្វើ​សកម្មភាព​កំពុង​រុករក​បន្ត​។​

​តាម​ការបំភ្លឺ​របស់​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ សុខ ចាន់​រឿន អាយុ​៣៨​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ ម៉ោង​ប្រហែល​០៦​ព្រឹក ប្តី​របស់ខ្លួន​បាន​ប្រាប់ថា ដឹក​ភ្ញៀវ​យូ​ស៊ីម៉ាក ទៅ​បឹង​ត្រកួន ហើយ​ម៉ោង​១០​ព្រឹក ប្តី​បានខ​ល​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ប្រាប់ថា បាន​ត្រឡប់​ទៅ ស្វាយ​ស៊ី​សា​ផុន ខេត្ត​បន្ទាយ​ជ័យ នៅ​ម៉ោង​០៣​ល្ងាច ដើម្បី​រក​ភ្ញៀវ​យកលុយ​សិន ពេលនោះ​ប្តី​ខ្លួន​ក៏​បិទ​ទូរស័ព្ទ​តែម្តង ​៕​ ដោយ​ ៖ កូ​ឡាប

×