ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាល់ផ្ទាល់មាត់ ឲ្យកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ ដែលពាក់ព័ន្ធគ្រឿងញៀននៅក្លឹបកម្សាន្ដ រ៉ក់។
សម្តេចបន្តថា ការចាប់មន្ដ្រីនគរបាលម្នាក់ ពាក់ព័ន្ធគ្រឿងញៀននៅក្លឹបរ៉ក់ គឺតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនរួចរាល់ហើយ។
សម្ដេចក្រឡាហោម ស ខេង ថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី២១មីនា ក្នុងពិធីបិទសន្និបាតលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដ របស់អាជ្ញាធរជជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហសផ្ទៃ។ សម្តេចក្រឡាហោម ក៏បានអះអាងទៀតថា មន្ដ្រីនគរបាលម្នាក់នោះច្បាស់ជារត់មិនរួចនោះទេ ព្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ហើយ ដើម្បីកុំឲ្យពិបាកត្រូវចូលខ្លួនមកភ្លាម។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា “មន្ត្រីនគរបាលដែលជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត រ៉ក ហើយដែលកំពុងរត់គេចខ្លួននោះ គួរតែចូលមកសារភាពកំហុស ពីព្រោះសម្ដេចអះអាងថា ជននោះនឹងមិនអាចរត់ទៅណារួចឡើយ ហើយសមត្ថកិច្ចត្រូវកំណត់យកទីកម្សាន្ត និងកាស៊ីណូ ជាមុខសញ្ញាស្រាវជ្រាវ និងបង្ក្រាបគ្រឿងញៀន។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា “ដូចខ្ញុំបាននិយាយថា ក្នុងប៉ុន្មាននាក់ហ្នឹង ឥលូវមានប៉ូលីសមួយដែលកំពុងតាមរកចាប់ខ្លួន មានដីកាហើយ។ គេចទៅណាក៏អត់រួចដែរ រឿងរកស៊ីគ្រឿងញៀនគេចទៅណាក៏មិនរួចនោះដែរ បើថាល្អមកបង្ហាញខ្លួនមក អាចថាមានការបន្ធូរបន្ថយអីខ្លះ យើងស្គាល់អត្ដសញ្ញាណអីអស់ហើយ”។ សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា “ជំនាញសមត្ថកិច្ចគេមានសមត្ថភាពរបស់គេ ហើយខ្ញុំមិនចាំបាច់និយាយទៀតទេ តើត្រូវធ្វើ ប៉ុន្តែវាស៊ីសងលើយន្តការរបស់យើង មន្ត្រីអនុវត្តន៍ច្បាប់នេះ វាស្មោះត្រង់នឹងវិជ្ជាជីវៈ ហើយកុំប៉ះពាល់។ ដូចខ្ញុំបាននិយាយនៅរាជធានីហើយ ក្នុងប៉ុន្មាននាក់ហ្នឹង គឺមានប៉ូលីសមួយ ដែលកំពុងរង់តាមចាប់ខ្លួន ហើយមានដីកាចាប់ខ្លួនទៀត គឺគេចទៅណាក៏អត់រួចដែរ រឿងរកស៊ីគ្រឿងញៀន គឺអត់គេចទៅណាក៏មិនរួច បើថាល្អ មកបង្ហាញខ្លួនមក បើថាអាចមានការបន្ធូរបន្ថយខ្លះ តើតុលាការបន្ធូរបន្ថយខ្ញុំមិនដឹងទេ តែបើថាគិតទៅណាក៏គេចមិនរួចដែរ។ យើងស្គាល់អត្តសញ្ញាណគាត់អស់ហើយ អញ្ចឹងដែរ នៅកន្លែងដទៃទៀត ក៏ដូចគ្នាដែរ បើសមត្ថកិច្ចយើងមានមន្ត្រីឡូកឡំ នៅក្នុងហ្នឹង អត់ហ៊ានធ្វើទេ អញ្ចឹងមកកន្លែងណាគ្រឿងញៀន មានច្រើន នៅតែមាន ហើយមិនបានដោះស្រាយ មើលផ្ទៃក្នុងសិន មើលមន្ត្រីនោះសិន បើមិនស្រួលទេ យើងផ្ទេរផ្ទូរដោះដូរកន្លែងនោះ ។ បើទោះបីថាមិនមានមូលដ្ឋាន មិនមានការពាក់ព័ន្ធពិតប្រាកដក៏ដោយ”។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៀតថា កម្លាំងនគរបាល និងសមត្ថកិច្ចទាំងអស់ មិនត្រូវធ្វើសកម្មភាពណាមួយដែលឲ្យពាក់ព័ន្ធជាមួយគ្រឿងញៀននោះទេ ពោលនៅពេលចុះ បង្ក្រាបបទល្មើសនេះ ត្រូវតែស្មោះត្រង់ជាមួយអង្គភាព ស្មោះត្រង់ជាមួយសង្គម និងស្មោះត្រង់ជាមួយផលប្រយោជន៍ជាតិ។
សម្ដេច ស ខេង ប្រសិនបើសង្ស័យថា ទីតាំងណាមួយមានបង្កប់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ហើយមិនមានសមត្ថកិច្ចណាហ៊ានចូលបង្ក្រាបនោះ ជំហានដំបូងត្រូវពិនិត្យមើលផ្ទៃក្នុងអង្គភាពខ្លួនឯង ព្រោះពេលខ្លះប្រសិនបើមានមន្ដ្រីណាម្នាក់ពាក់ព័ន្ធ ច្បាស់ណាស់សមត្ថកិច្ចមិនហ៊ានចូលបង្ក្រាបឡើយ។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង២ឆ្នាំនេះ កម្លាំងសមត្ថកិច្ចបានចាប់រឹបអូសនូវគ្រឿងញៀន បានប្រមាណជាង៥០០គីឡូក្រាម ប៉ុន្ដែចុងក្រោយនេះ បានបើកប្រតិបត្តិការដើម្បីបំផ្លាញទីតាំងចែកចាយ លក់ដូរ និងប្រើប្រាស់នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកម្សាន្ដ Rock ដែលបានរឹបអូសគ្រឿងញៀនបន្ថែមទៀត បានប្រមាណជិត៥០គីឡូក្រាម៕ ដោយ ៖ បញ្ញាស័ក្តិ