ភ្នំពេញ : អង្គការលីកាដូ (licadho) ចេញផ្សាយអត្ថបទមួយ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ ដោយបានលើកឡើងថា ថ្ងៃនេះ គឺគម្រប់រយៈពីរខែហើយ ចាប់តាំងពីតំណាងសហគមន៍ដីធ្លីខេត្តព្រះវិហារឈ្មោះ ស៊ុម ម៉ឺន បានបាត់ខ្លួន បន្ទាប់ពីសាក្សីជាច្រើនបានអះអាងថា គាត់ត្រូវបានវាយដំនិងចាប់ខ្លួនដោយមិនត្រឹមត្រូវតាមច្បាប់ពីសំណាក់មន្ត្រីយោធា។ ការបាត់ខ្លួននេះបានកើតឡើងស្របពេលដែលមានការចាប់ប្រជាពលរដ្ឋជាច្រើនកាលពីជាងពីរសប្តាហ៍ក្នុងខែមករា ជាប់ទាក់ទងនឹងទំនាស់ដីសម្បទានផ្តល់ទៅឲ្យក្រុមហ៊ុន មេត្រីភាព កសិ-ឧស្សាហ៍កម្ម។ ក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយនឹង ឧកញ៉ា អាន ម៉ាឌី។
តាមព័ត៌មានដែលទទួលបាន ស៊ុម ម៉ឺន មានអាយុ ៥៤ឆ្នាំ និងកូនប្រុសគាត់ត្រូវបានចាប់ខ្លួនពេលកំពុងបើកគោយន្តដឹកសម្ភារៈលក់ដូរកាលពីថ្ងៃទី២០ ខែមករា ដោយយោធាមកពីទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍លេខ ២៦១ ស្ថិតនៅក្រោមទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ នៃកងយុទ្ធពលខេមរភូមិន្ទ (យោធាទាំងនោះជាកងសន្តិសុខរបស់ក្រុមហ៊ុនដែលទទួលបានដីសម្បទាននៅឃុំយាង សស្រុកជាំ ក្សាន្ត)។ សាក្សីមួយចំនួនបានរាយការណ៍ថា ម៉ឺន និងកូនប្រុសគាត់ត្រូវបានវាយដំក្រោយពេលអ្នកទាំងពីរត្រូវបានចាប់ខ្លួន។ បន្ទាប់មក អ្នកទាំងពីរត្រូវបានបញ្ជូនទៅកាន់ការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ជាទីកន្លែងដែលអ្នកទាំងពីរត្រូវបានឃុំខ្លួនអស់រយៈពេលមួយយប់។
នាព្រឹកថ្ងៃទី២១ ខែមករា ម៉ឺន បានបាត់ខ្លួនពីការិយាល័យដែនជម្រកសត្វព្រៃ ហើយការបាត់ខ្លួនរបស់គាត់បានកើតឡើងអស់រយៈពេលពីរខែមកហើយ។ មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃបានអះអាងថា បុរសដែលមានអាយុ៥៤ឆ្នាំនោះបានលោតចេញពីរបងនិងរត់គេចខ្លួន។ ប៉ុន្តែភ្លាមៗនោះមិនមានដីកាចាប់ខ្លួនចោទប្រកាន់ទាក់ទងនឹងការរត់គេចនោះទេ។
ចាប់តាំងពីថ្ងៃទី២១ ខែមករា អាជ្ញាធរមិនបានផ្តល់ភស្តុតាងដែលសហគមន៍អាចជឿទុកចិត្តបានពីទីតាំងរបស់ ម៉ឺន នោះទេ ដោយបានអះអាងផ្សេងៗគ្នាថា គាត់បាននឹងកំពុងលាក់ខ្លួននៅទីតាំងអាថ៌កំបាំងមួយក្នុងរាជធានីភ្នំពេញ ឬកំពុងទទួលការព្យាបាលសុខភាពនៅរាជធានីភ្នំពេញ។ នៅថ្ងៃទី១៨ ខែមីនា ប្រពន្ធរបស់ ម៉ឺន បានដាក់ញត្តិទៅអាជ្ញាធរខេត្តនិងការិយាល័យតំណាងរាស្ត្រខេត្តព្រះវិហារ ដើម្បីជួយស្វែងរកប្តីរបស់អ្នកស្រី។
ក្រោយមានការចាប់ខ្លួនប្រជាពលរដ្ឋជាច្រើននាក់ក្នុងខែមករានោះ មនុស្សចំនួន១៤នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនៅក្នុងពន្ធនាគារខេត្តព្រះវិហារ ក្នុងនោះរួមមានកូនប្រុសរបស់ ម៉ឺន ឈ្មោះ ម៉ឺន មាន ផងដែរ។ អ្នកទាំងនោះត្រូវបានចោទប្រកាន់តាមមាត្រា៦២ និងមាត្រា៥៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (ទាក់ទងនឹងការកាប់គាស់រុករានដីព្រៃ) ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់១៥០លានរៀល។
ការចាប់ខ្លួននេះកើតឡើងបន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញពីសំណាក់សន្តិសុខក្រុមហ៊ុននិងអាជ្ញាធរទៅលើអ្នកភូមិដែលរស់នៅក្នុងសហគមន៍នេះជាច្រើនឆ្នាំកន្លមកហើយ ដោយរួមមានការដុតផ្ទះប្រជាពលរដ្ឋ គេចោទថាមានការចាប់ខ្លួនតាមអំពើចិត្ត និងការបន្តគំរាមកំហែងប្រជាពលរដ្ឋដែលជាប់ទាក់ទងនឹងទំនាស់ដីធ្លីនេះ ។ ដោយ ៖ បញ្ញាស័ក្តិ