ក្រុមហ៊ុនអាកាសចរណ៍ឥន្ឌូនេស៊ីមួយឈ្មោះ Garuda បានលុបចោលការបញ្ជាទិញយន្តហោះប្រភេទ Boeing 737 Max 8 ចំនួន ៤៩គ្រឿង ដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លា ក្រោយពេលមានករណីធ្លាក់រហូតដល់ទៅ ២ដងក្នុងរយៈពេលត្រឹម ៦ខែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន នៅថ្ងៃសុក្រនេះ។

អ្នកនាំពាក្យឈ្មោះ Ikhsan Rosan របស់ក្រុមហ៊ុនបានថ្លែងថា ពួកគេបានផ្ញើលិខិតទៅកាន់ក្រុមហ៊ុន Boeing រួចរាល់ហើយ ដើម្បីស្នើសុំលុបចោលការបញ្ជាទិញវិញ។
អ្នកនាំពាក្យដដែលើកឡើងថា “មូលហេតុគឺថា អ្នកដំណើររបស់ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌូនេស៊ីបាត់បង់ការជឿទុកចិត្ត និងមិនមានជំនឿចិត្តលើយន្តហោះប្រភេទនោះទៀតទេ”។
ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន Boeing វិញបានថ្លែងប្រាប់ AFP ថាមន្ត្រីរបស់ខ្លួននឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាពីគំរោងលុបចោលការបញ្ជាទិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Garuda។

ក្រុមហ៊ុន Garuda បានទទួលយន្តហោះប្រភេទ 737 MAX 8 ចំនួន ១គ្រឿងរួចរាល់ហើយ ក្នុងចំណោមយន្តហោះចំនួន ៥០គ្រឿងដែលខ្លួនបានបញ្ជាទិញដែលមានតម្លៃសរុបចំនួន ៤,៩ពាន់លានដុល្លា ដែលបានប្រកាសកាលពីឆ្នាំ ២០១៤។
សូមរំលឹកថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនជុំវិញពិភពលោក បានបាត់បង់ជំនឿចិត្តលើយន្តហោះប្រភេទខាងលើ បន្ទាប់ពីមានការធ្លាក់ពេលថ្មីៗនេះ ក្នុងប្រទេសអេត្យូពី បណ្តាលឲ្យមនុស្សជិត ១៦០នាក់ដែលនៅលើយន្តហោះស្លាប់បាត់បង់ជីវិតទាំងអស់។
រហូតមកដល់ពេលនេះ ប្រទេសច្រើនជាង ៥០ បានផ្អាក់មិនឲ្យមានការហោះហើរយន្តហោះប្រភេទនោះទៀតឡើយ នៅដែនអាកាសរបស់ខ្លួន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

