អ្នកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងប្រទេសមីយ៉ានម៉ា ត្រូវបានរដ្ឋាភិបាលមីយ៉ានម៉ាហាមប្រាមមិនឲ្យចូលក្នុងប្រទេស។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន BBC នៅថ្ងៃពុធម្សិលមិញនេះ។
អ្នកស្រី Yanghee Lee អ្នកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគ្រោងនឹងធ្វើ ដំណើរទៅកាន់ប្រទេស មីយ៉ានម៉ា ក្នុងខែមករាខាងមុខនេះ ដើម្បីពិនិត្យមើលឡើងវិញពី ការគោរពសិទ្ធិមនុស្សក្នុង ប្រទេសនេះ ដោយរួមមានការបង្ក្រាបយ៉ាងសាហាវលើជនជាតិ ដើមភាគតិច រ៉ូហ៊ីយ៉ានៅក្នុងរដ្ឋរ៉ាឃីន។
ប៉ុន្តែរដ្ឋាភិបាលមីយ៉ានម៉ាបាននិយាយថា ខ្លួនបានហាមឃាត់អ្នកស្រីមិនឲ្យចូលប្រទេសដោយសារតែគាត់មិនមានភាពយុត្តិធ៌ម និងលំអៀងក្នុងពេលបំពេញការងារ។
អ្នកស្រីបញ្ជាក់ថា ការសម្រេចចិត្តក្នុងការរារាំងអ្នកស្រីរបស់រដ្ឋាភិបាលមីយ៉ានម៉ា បញ្ជាក់ថាមានអ្វីដ៏អាក្រក់កំពុងកើតឡើងក្នុងរដ្ឋរ៉ាឃីន។
ការធ្វើដំណើរទស្សនៈកិច្ចរបស់អ្នកស្រីលើកចុងក្រោយក្នុងប្រទេសមីយ៉ានម៉ាគឺធ្វើឡើងកាលពីខែកក្កដា ដែលក្នុងដំណើរទស្សនៈកិច្ចនោះ អ្នកស្រីបានលើកឡើងពីក្តីកង្វល់ជុំវិញការប្រព្រឹត្តិលើជនជាតិរ៉ូហ៊ីយ៉ាក្នុងរដ្ឋរ៉ាឃីន។
អំពើហឹង្សានៅក្នុងរដ្ឋរ៉ាឃីន បានកើតឡើងតាំងពីខែសីហា ក្រោយពេលពួកសកម្មប្រយុទ្ធរ៉ូហ៊ីយ៉ាបានធ្វើការវាយប្រហារលើប៉ុស្តិ៍ប៉ូលីស ហើយកងទ័ពរបស់រដ្ឋាភិបាលបានឆ្លើយតបមកវិញដោយសារបង្ក្រាបយ៉ាងសាហាវ។
ចាប់តាំងពីមានអំពើហឹង្សាមក ជនជាតិរ៉ូហ៊ីយ៉ាងច្រើនជាង ៦៥០.០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដេស។
បើតាមអង្គការមនុស្សធ៌ម គ្រូពេទ្យគ្មានព្រំដែន បានធ្វើការប៉ាន់ប្រមាណថា ជនជាតិរ៉ូហ៊ីយ៉ា យ៉ាងហោចណាស់ចំនួន ៦.៧០០នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលមួយខែចន្លោះខែសីហា និងកញ្ញា។ អង្គការសហប្រជាជាតិនិយាយថា សកម្មភាពរបស់កងកំលាំងមីយ៉ានម៉ាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា អាចចាត់ចូលជាសកម្មភាពឧក្រិដ្ឋកម្មប្រល័យពូជសាស៕ សុភ័ក្ត្រ