ភ្នំពេញ ៖ លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា យានយន្តអគ្គិសនី(Electric Vehicle-EV)សំដៅដល់យានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយសម្រាប់ស្តុកថាមពល។
តាមរយៈបណ្តាញសង្គមនាថ្ងៃទី២៩ខែតុលានេះ អ្នកនាំពាក្យ បានបន្តទៀតថា ជាទូទៅ យានយន្តអគ្គិសនីត្រូវបានបែងចែកជា៣ប្រភេទ៖ ១/-ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ(Battery Electric Vehicle-BEV ) ២/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ(Hybrid Electric Vehicle-HEV) និង៣/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ តែអាចបញ្ចូលថាមពលដូចយានយន្តអគ្គិសនីសុទ្ធបាន(Plug-In HEV-PHEV)។
នាពេលបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង។ រក្សាសិទ្ធដោយ៖សុទ្ធលី





