Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខាគយ​ខេត្ត​ព្រះសីហនុ ចាប់​រថយន្ត​សេរី​ទំនើប​អត់​ពន្ធ​៣០​គ្រឿង ដើម្បី​ផាកពិន័យ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ថ្នាក់ដឹកនាំ​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ បាន​បន្ត​ចុះ​ចាប់​រថយន្ត​អត់​ពន្ធ​ចំនួន ៣​គ្រឿង​ទៀត យក​មក​រក្សាទុក​នៅក្នុង​បរិវេណ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដើម្បី​អនុវត្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​

​រថយន្ត​ទាំង​៣​គ្រឿង​នោះ​រួមមាន ​៖

១- រថយន្ត​ម៉ាក RANGE ROVER ពណ៌​ស​ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ ភ្នំពេញ 2AC 4751 (​ស្លាក​ក្លែងក្លាយ​)

២- រថយន្ត​ម៉ាក VELLFIRE ពណ៌​ស ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ ភ្នំពេញ 2BE 6669 (​ស្លាក​ក្លែងក្លាយ​)

៣- រថយន្ត​ម៉ាក VELLFIRE ពណ៌​ស​ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ 2277 (​ស្លាក​ក្លែងក្លាយ​)

​មន្ត្រី​សាខា​គយ​និង​រដ្ឋាករ បានបញ្ជាក់​ថា បច្ចុប្បន្ន រថយន្ត​អត់​បង់ពន្ធ​ទាំង ៣​គ្រឿង បាន​យក​មក​រក្សាទុក នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ទាំ​នេះ ចូលខ្លួន​មក​ដោះស្រាយ ឬ​បំពេញបែបបទ​បង់ពន្ធ​ឲ្យស្រប​តាម​ច្បាប់​ពន្ធដារ និង​ផាកពិន័យ​។​

​កាលពី​ថ្ងៃ​ទី​២១ ខែ មីនា ឆ្នាំ​២០១៩ លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ រថយន្ត​សេរី​ទំនើបៗ ចំនួន​១៣​គ្រឿង ដែល​ស្ថាប័ន​ខ្លួន សហការ​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ និង​ចាប់​រថយន្ត​រថយន្ត​អត់​ពន្ធ ហើយ​បាន​ធ្វើ​ចរាចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។​

​ចំពោះ​បញ្ហា​នេះ លោក ទុំ ណូ បានឲ្យដឹងថា ក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៩ គិត​ត្រឹម​ថ្ងៃទី​២៣ ខែ​មីនា​នេះ សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ចាប់​រថយន្ត​សេរី​ទំនើបៗ​អត់​បង់ពន្ធ​សរុប​ចំនួន​១៦​គ្រឿង​។ ហើយ​ថា រថយន្ត​អត់​ពន្ធ​ទាំងនោះ មាន​ទាំង​ចង្កូត​ឆ្វេង និង​ចង្កូត​ស្តាំ​។​

លោក ទុំ ណូ បញ្ជាក់ថា សម្រាប់​រថយន្ត​ចង្កូត​ឆ្វេង សាខាគយ បាន​ផ្តល់​ឱកាស​ដល់​ម្ចាស់​រថយន្ត​ទាំងនោះ ឲ្យមក​បំពេញបែបបទ សុំ​បង់ពន្ធ និង​ផាកពិន័យ​តាម​ច្បាប់​ពន្ធដារ​។ ប៉ុន្តែ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំង​វិញ គឺ​ត្រូវ​ដក​យក​ទុក​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ដោយ​មិន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ទេ​។ ព្រោះថា រថយន្ត​ចង្កូត​ស្តាំ គឺ​ត្រូវបាន​ហាមឃាត់​មិនឲ្យ​នាំចូល​បន្តទៀតទេ ចាប់តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​។​

​លោក ទុំ ណូ ឲ្យដឹងថា ចាប់ពី​ចុងឆ្នាំ​២០១៨ មកដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៩​នេះ សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ចាប់​បាន​រថយន្ត​សេរី​ទំនើប​ម​អត់​បង់ពន្ធ​សរុប​ចំនួន ៣០​គ្រឿង យក​មក​រក្សាទុក ដើម្បី​ផាកពិន័យ​ឲ្យស្រប​តាម​ច្បាប់​ពន្ធដារ​។​

​លោក ទុំ ណូ អះអាងថា ក្រោម​ការណែនាំ​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រមទាំង ថ្នាក់​ដឹកនាំ គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ស្តីពី​ការបង្ក្រាប​អំពើ​រត់គេច​ពន្ធ​ទំនិញ​គ្រប់​ប្រភេទ ជា​ពិសេស​រថយន្ត​គេចពន្ធ គឺ​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្ត​នេះ នឹង​បន្ត​ចុះ​ធ្វើ​សកម្មភាព​ជា​ប្រចាំ និង​ឲ្យមាន​ប្រសិទ្ធ ដើម្បី​ឈាន​ទៅ​ប្រមូល​ចំណូល​ថវិកាជាតិ ឲ្យបាន​ច្រើន​ថែម​ទៀត​នា​បណ្តា​ឆ្នាំ​ខាង​មុខៗ​៕ ដោយ ៖ ដែន សីមា

spot_img
×