ហេតុការណ៍នេះកើតឡើងនៅលើរថភ្លើងក្រោមដី នៃបូរីញូវយ៉ក ។
តាមរយៈវីដេអូដែលត្រូវបានចែករំលែកលើ Twitter នោះគឺបុរសម្នាក់បានវាយធ្វើបាបយាយចំណាស់ ៧៨ឆ្នាំ ដែលអង្គុយម្នាក់ឯងលើកៅអីរថភ្លើង នៅស្ថានីយ៍ Nereid Ave សង្កាត់ Bronk នៅវេលាម៉ោង ៣ ព្រឹក ថ្ងៃទី ១០ មីនា ។
ខណៈពេលដែលបុរសនោះទាត់ធាក់គាត់ គាត់បានត្រឹមប្រឹងការពារខ្លួនឯងប៉ុណ្ណោះ ចំណែកអ្នកដំណើរនៅក្បែរនោះ បានត្រឹម…ស្រែក តែមិនហ៊ានអន្តរាគមន៍អ្វីទាំងអស់ ។
ពេលរថភ្លើងឈប់នៅស្ថានីយ៍បុរសរូបនេះបានស្រែកខ្លាំងៗដាក់ជនរងគ្រោះ រួចងាកមកសំឡឹងកាមេរ៉ា ជេរប្រទេច១ម៉ាត់ មុនពេលវាចាកចេញពីរថភ្លើងយ៉ាង…ស្រួល ។
តាមប៉ូលិសគឺពុំមានអ្នកទូរស័ព្ទប្រាប់នៅអំឡុងគ្រាកើតហេតុទេ ។ ចំណែកអ្នកលបថតវីដេអូ នៅបន្តថតទិដ្ឋភាពយាយចាស់យកដៃបិទបាំងមុខក្នុងសភាពឈឺចាប់ ។ ពេលរថភ្លើងទៅដល់ស្ថានីយ៍មួយទៀតទើបប៉ូលិសដឹង ។
ជនរងគ្រោះមានស្នាមរបួសហូរឈាម និងហើម ប៉ុន្តែក្រោយពេលគ្រូពេទ្យលាងស្នាមរបួសហើយ គាត់បដិសេធពុំទៅពិនិត្យ ហើយចាកចេញទៅ ។
ប៉ុន្តែប៉ូលិសប្រាប់ថា គេនឹងយកចម្លើយរបស់ជនរងគ្រោះក្រោយពេលស្មារតីរបស់គាត់វិលមកធម្មតា និងអំពាវនាវដល់ពលរដ្ឋដែលឃើញជនកោងកាចនេះជួយផ្តល់ព័ត៌មាន ដើម្បីប៉ូលិសចាត់ការតាមច្បាប់ ។
ប្រិយមិត្ត ! ប្រសិនបើហេតុការណ៍បែបនេះកើតឡើងពីមុខយើង តើអ្នកមានប្រតិកម្មយ៉ាងណាដែរ? ៕ ចន្ទ្រា