ក្រោយរយៈពេលជាច្រើនខែ ពួកអ្នកវិទ្យាសាស្ត្រនៃឧទ្យានជាតិ Minoo ស្ថិតនៅជាយក្រុង Minoo ជប៉ុន ពិតជាស្រឡាំងកាំង ដោយហេតុឃ្លាំមើលឃើញទង្វើរួមសង្វាសប្លែកខុសធម្មតារបស់ពពួកស្វាញីនៅទីនេះ។
ក្រោយពេលលោតឡើងលើខ្នងរបស់ប្រើស ពូជ Sika នោះពពួកស្វាកន្ទុយវែង Makara “ដែលទើបពេញវ័យ” ច្រើនមានទង្វើស្និទ្ធស្នាល របៀប “មានចំណង់” ដូចជា ខាំ ហិតស្នែងប្រើស ដេកលើដី ស្រែកថ្ងូរ ហើយសម្លឹងថ្លែ បំណងបង្កចំណាប់អារម្មណ៍ដល់ពពួកប្រើសឈ្មោល ។
ពួកអ្នកវិទ្យាសាស្ត្របានឃ្លាំមើលស្វាញី Macaca ទាំងអស់ ១៧០ក្បាល រួមទាំងញី និងឈ្មោល ក្នុងនោះមានស្វាអាយុពី ៣-៤ឆ្នាំ ទើបពេញវ័យមានចំនួន ១៨ក្បាល។ ក្រោយការសង្កេតប៉ុន្មានសប្តាហ៍មកអ្នកវិទ្យាសាស្ត្ររកឃើញថា មានតែពួកស្វាទើបពេញវ័យទេ ដែលមានទង្វើប្រាស្រ័យទាក់ទងចំណង់ផ្លូវភេទជាមួយប្រើស Sika ឬជាមួយគ្នាវា។
ជាក់ស្តែងក្នុងអំឡុងពេលឃ្លាំមើល គេឃើញថា ស្វាញី Macaca បាន “លួងលោម” ប្រើស Sika ចំនួន ៥៨លើក ក្នុងនោះមាន ១៣លើក ពួកស្វាញីទាំងនេះទទួលបានជោគជ័យ។ ប៉ុន្តែការប្រព្រឹត្តអំពើខុសពូជអម្បូរនេះ កើតមានឡើងតែចំពោះប្រើសឈ្មោលដែលពេញវ័យប៉ុណ្ណោះ។
អ្នកស្រាវជ្រាវបានលើកឡើងនូវមូលហេតុមួយចំនួន ដើម្បីបកស្រាយថា ហេតុអ្វីមានតែស្វាញី Macaca ដែលទើបពេញវ័យទាំងនោះ បែរជាមានទង្វើ “ប្រឆាំងធម្មជាតិ” បែបនេះ។
វាពុំខុសប្លែកអ្វីនឹងមនុស្សឡើយ ស្វាញី Macaca ដែលទើបធំពេញវ័យ ត្រូវឆ្លងកាត់ដំណាក់កាលចាប់ផ្តើមលូតលាស់នៃបណ្តាទង្វើរួមភេទ។ សកម្មភាពរបស់ពួកវាដែលសម្តែងឲ្យឃើញពីការចង់ក្លាយជា “ដៃគូរួមភេទ” ជាមួយប្រើស ត្រូវបានចាត់ទុកថា ជារបៀបហ្វឹកហ្វឺន និងអភិវឌ្ឍសកម្មភាពរួមភេទ។ ទន្ទឹមនោះ ប្រហែលដោយសារកង្វះទំនាក់ទំនងរួមភេទជាមួយស្វាដូចគ្នា ទើបពួកស្វាញីទាំងនោះប្រឹងប្រែងស្វែងរក “របស់ចម្លែក” ៕ សូយន