កំពង់ចាម៖ នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ តំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់ កូនប្រុស មេបញ្ជាការអាវុធខេត្តក្រចេះ ចំនួន២បទល្មើស ក្នុងនោះមានបទ ហិង្សាដោយចេតនា មានស្ថានភាពទម្ងន់ទោស ដោយគំរាមកំហែងនិងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់ ពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណិតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។ បន្ទាប់ពីចោទប្រកាន់រួច សំណុំរឿងនេះ នឹងបញ្ជូនបន្តទៅកាន់ចៅក្រមស៊ើបសួរតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បានបញ្ជូនទៅកាន់តុលាការខេត្តកំពង់ចាមហើយ នារសៀលថ្ងៃទី២៥ ខែមីនា បន្ទាប់ពីរូបគេ បានបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច ដើម្បីទទួលទោសកំហុសរបស់ខ្លួនពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។
កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានប្រើហិង្សាដោយដាល់ និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអ៉ីនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់ និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះ ថែមទាំងបានដកកាំភ្លើងភ្ជង់ លើយុវជនពីររូបនោះថែមទៀតផង។
លោកផេង វណ្ណៈ បានសរសេរក្នុងផេកហ្វេសប៊ុកនៅល្ងាចថ្ងៃទី២៥ មីនានេះថា កុំចេះតែហ៊ាន ចូលខ្លួនបណ្ដើរៗហេីយ នៅខាងព្រៃវែងទៀត។ បន្ទាប់ពីមានការព្រមានយ៉ាងចាស់ដៃពីសម្ដេចតេជោ ហ៊ុន សែន ក្នុងការដកតួនាទី និង បណ្ដេញចេញពីក្របខ័ណ្ឌ បើលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ស្រឡាញ់កូន បិទបាំងទង្វើរបស់កូន នៅរសៀលថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០១៩ នេះ លោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បាននាំកូនប្រុសរបស់ខ្លួនដែលដកកាំភ្លើងខ្លីគំរាម និង វាយគូរជំលោះនោះមកប្រគល់ជូនសមត្ថកិច្ចខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។
ដោយឡែកនៅខេត្តព្រៃវែងឯណោះវិញលោកឧកញ៉ា ជឹម សុខ មិនទាន់យកកូន ដែលកំពុងរត់គេចខ្លួន មកប្រគល់ជូនសមត្ថកិច្ចនៅឡើយទេ ។ កូនលោកឧកញ៉ា ជឹម សុខ ឈ្មោះ ជឹម រតនៈ តួនាទី អធិការរងស្រុក ព្រះស្ដេច ខេត្តព្រៃវែង បានបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ម្នាក់នៅ ឃុំ ឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយរត់គេចខ្លួន ។ដោយ៖កូឡាប