រដ្ឋមន្ត្រីការបរទេសអាមេរិច Mike Pompeo បានព្រមានដល់ភាគីរុស្សីឲ្យបញ្ឍប់សកម្មភាពអត់ប្រយោជន៍របស់ខ្លួន ក្នុងការគាំទ្ររបបដឹកនាំខុសច្បាប់របស់វេណេហ្ស៊ុយអេឡា។
ការព្រមាននោះធ្វើឡើងនៅក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
“សហរដ្ឋអាមេរិចនឹងមិនទ្រាំទៀតទេ ខណៈរុស្សីធ្វើឲ្យស្ថានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា”។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិចថ្លែងនៅក្នុងសេចក្តីប្រកាស។
សេចក្តីប្រកាសបន្តទៀតថា “ការបន្តបញ្ជូនទ័ពរបស់រុស្សីដើម្បីគាំទ្ររបបខុសច្បាប់របស់លោក Nicolas Maduro ក្នុងប្រទេសវេណេហ្ស៊ុយអេឡា នឹងធ្វើឲ្យប្រជាជនវេណេហ្ស៊ុយអេឡារងគ្រោះកាន់តែយូរ ខណៈដែលពួកគេគាំទ្រប្រធានាធិបតីបណ្តោះអាសន្ន Juan Guaido”។
សូមបញ្ជាក់ថា របបដឹកនាំរបស់លោក Nicolas Maduro កំពុងរង្គោះរង្គើយ៉ាងខ្លាំង ដោយសារតែមានការមិនពេញចិត្តពីសំណាក់ប្រជាជនយ៉ាងច្រើនទូទាំងប្រទេស។ នៅពេលជាមួយគ្នានេះដែរ ប្រទេសជាច្រើនបានប្រកាសគាំទ្រ មេដឹកនាំបក្សប្រឆាំងលោក Juan Guaido ជាប្រធានាធិបតី។
របបដឹកនាំ Nicolas Maduro សព្វថ្ងៃគាំទ្រដោយប្រទេសរុស្សី ចិន និងគុយបាប៉ុណ្ណោះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN