អតីតមន្ត្រីរដ្ឋាភិបាលហុងកុង ត្រូវបានចៅក្រុមអាមេរិចកាត់ទោសឲ្យជាប់គុករយៈពេល ៣ឆ្នាំ ពីបទសូកប៉ាន់ ក្រោយពេលរូបលោកបានសូកប៉ាន់មន្ត្រីនៅក្នុងប្រទេសឆាត និងអ៊ុយហ្គាដា ដើម្បីជាថ្នូរទទួលបានកុងត្រាសម្រាប់ក្រុមហ៊ុនថាមពលចិន។
លោក Patrick Ho Chi Ping វ័យ ៦៩ ឆ្នាំ ត្រូវចៅក្រម ឈ្មោះ Loretta Preska កាត់ទោសនៅតុលាការសហព័ន្ធ Manhattan ក្រោយពេលរងការចោទប្រកាន់ជាច្រើនករណី កាលពីចុងឆ្នាំមុន។
លោក ត្រូវបានចាប់ខ្លួន និងឃុំឃាងអស់រយៈពេល ១៦ខែមកហើយ។
គាត់និយាយនៅក្នុងតុលាការ មុនពេលកាត់ទោសថា “ខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំង ដែលសកម្មភាព និងស្ថានភាពរបស់ខ្ញុំបានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរដល់គ្រួសារខ្ញុំ។ ខ្ញុំពិតជាមានការសោកស្តាយណាស់”។
ចំណែកមេធាវីការពារក្តីរបស់លោកវិញ បានថ្លែងថា លោក ហើយនឹងកូនក្តីកំពុងពិចារណាពីជំរើសដើម្បីប្តឹងឧទ្ធរណ៍។
សូមបញ្ជាក់ថា លោក Patrick Ho Chi ត្រូវបានចាប់ខ្លួនកាលពីខែ វិច្ឆការ ឆ្នាំ ២០១៧ ពីបទល្មើសទៅនឹងច្បាប់ពុករលួយអាមេរិច ការលាងលុយកខ្វក់ និងការរួមផ្សំគំនិត។ ព្រះរាជអាជ្ញាបញ្ជាក់ថា លោក Patrick Ho Chi ជាអ្នករៀបចំឲ្យមានការសូកប៉ាន់ជំនួសក្រុមហ៊ុន CEFC China Energy ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsaisa