ខេត្តស្វាយរៀង ៖ បុរសថ្មើជើងម្នាក់កំពុងដើរតាមផ្លូវសុខៗស្រាប់តែត្រូវរថយន្តហាយឡែនឌ័រដែលម្ចាស់ស្រវឹងស្រាជោគជាំបុកប៉ើងជាង១០ម៉ែត្របណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអធ័ម។
ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតកាលពីវេលាម៉ោង២១និង៣០នាទីនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ត្រង់ចំណុចក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើយោងតាមសមត្ថកិច្ចបានអោយដឹងថា៖រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២ AP-៥៦០២ បើកបរដោយឈ្មោះ គុជ ភារម្យ ភេទប្រុស អាយុ ៣៧មុខរបរជាងអគ្គិសនីកាស៊ីណូ រស់នៅភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីលិចទៅកើត។
ប្រភពបានបន្តទៀតថា ៖ លុះមកដល់ ចំនុចកើតហេតុខាងលើ បានបុកអ្នកថ្មើរជើងឈ្មោះ កែវ សារ៉ាត់ ភេទប្រុសអាយុ ៣៥ ឆ្នាំ រស់នៅភូមិលៀបឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀង ដេីរនៅកន្លងផ្លូវថ្មើរជើងខាងត្បូងទិសដៅពីកើតទៅលិច បណ្ដាលឲ្យខ្ចាត់ទៅជាយផ្លូវខាងត្បូងជាង១០ម៉ែត្រ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុម្តង។
ប្រភពបានបន្ថែមទៀតថា៖ក្រោយពីបង្កគ្រោះថ្នាក់រួចមកអ្នកបើកបររថយន្តបេីករត់គេចពីកន្លែងកើតហេតុប៉ុន្តែត្រូវសមត្ថកិច្ចតាមទាន់ឃាត់ទាំងអ្នកបើកបរ និងមធ្យោបាយមកអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់ រីឯសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ : អ្នកបើកបររថយន្តមានជាតិស្រវឹង (ហើយមិនព្រមសហការជាមួយសមត្ថកិច្ចធ្វើតេស្ដជាតិអាកុល)ទើបសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ វ៉ៃកូ