យន្តហោះស្ថិតក្នុងប្រភេទ Boeing 737 Max 8 កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការចុះចតយ៉ាងប្រញ៉ាប់ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិច ដោយសារមានបញ្ហាម៉ាស៊ីន។
យន្តហោះប្រភេទនោះត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំប្រកាសលែងឲ្យមានការហោះហើរហើយកាលពីថ្ងៃទី ១៣ ខែមីនា ក្រោយពេលមានការធ្លាក់នៅប្រទេសអេត្យូពី។
មិនមានអ្នកដំណើរទេនៅលើជើងយន្តហោះ Flight 8701 ដែលធ្វើការហោះហើរពី ព្រលានយន្តហោះអន្តរជាតិ Orlando ទៅកាន់ទីក្រុង Victorville រដ្ឋកាលីហ្វញ៉ានោះទេ។ វាគឺជាការហោះហើររយៈពេលខ្លី ដើម្បីសិក្សាពីបញ្ហា។
នៅលើយន្តហោះនោះមានអ្នកបើកតែ ២នាក់ប៉ុណ្ណោះ មិនមានអ្នកដំណើរឡើយ។ អ្នកបើកបានរាយការណ៍ពីបញ្ហាម៉ាស៊ីនភ្លាមៗ ក្រោយពេលវាបានហោះឡើង។ នេះបើតាមការបញ្ជាក់របស់ហ៊ុនអាកាសចរណ៍ Southwest Airlines។
ក្រុមហ៊ុនបញ្ជាក់ទៀតថា អ្នកបើកយន្តហោះបានអនុវត្តតាមគ្រោងការណ៍ ហើយបានធ្វើការចុះចតនៅព្រលានដោយសុវត្ថិភាព។
សូមរម្លឹកថា ក្រោយពីមានការធ្លាក់យន្តហោះប្រភេទខាងលើនៅក្នុងប្រទេសអេត្យូពីកាលពីពេលថ្មីៗនេះ ប្រទេសជាច្រើនបានបាត់ជំនឿចិត្តលើក្រុមហ៊ុនផលិតយន្តហោះអាមេរិច Boeing ដោយពួកគេបានផ្អាកមិនឲ្យមានការហោះហើរយន្តហោះប្រភេទនោះទៀតទេនៅលើដែនអាកាសរបស់ខ្លួន។
កាលពីពេលថ្មីៗនេះផងដែរ ក្រុមហ៊ុនឥណ្ឌូនេស៊ីមួយ លុបចោលការបញ្ជាទិញយន្តហោះប្រភេទ Boeing 737 Max ជិត ៥០គ្រឿងក្រោយអតិថិជនលែងមានជំនឿចិត្ត៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN