រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានចោទប្រកាន់ សហរដ្ឋអាមេរិចថាកំពុងរៀបចំធ្វើរដ្ឋប្រហារប្រឆាំងនឹងប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro។
លោក Sergei Lavrov បាននិយាយនៅក្នុងសេចក្តីប្រកាសថា លោកបានតវ៉ាទៅនឹងការប៉ុនប៉ងរៀបចំរដ្ឋប្រហារដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីទម្លាក់រដ្ឋាភបាលក្នុងប្រទេសវេណេហ្ស៊ុយអេឡា។ ការតវ៉ារបស់លោកបានធ្វើឡើងតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិច Mike Pompeo។
ក្នុងសេចក្តីប្រកាស លោកថ្លែងទៀតថា គំរោងរបស់អាមេរិចល្មើសទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងជាការលូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យភាព។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិចធ្លាប់បានព្រមានរុស្សីថា សហរដ្ឋអាមេរិចនឹងមិនទ្រាំទៀតទេ ខណៈរុស្សីធ្វើឲ្យស្ថានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដោយការបញ្ជូនទ័ពចូលក្នុងប្រទេសនេះដើម្បីគាំទ្រលោក Nicolas Maduru។
លោកថ្លែងក្នុងសេចក្តីប្រកាសដូច្នេះថា “ការបន្តបញ្ជូនទ័ពរបស់រុស្សីដើម្បីគាំទ្ររបបខុសច្បាប់របស់លោក Nicolas Maduro នឹងធ្វើឲ្យប្រជាជនវេណេហ្ស៊ុយអេឡារងគ្រោះកាន់តែយូរ ខណៈដែលពួកគេ (អាមេរិច) គាំទ្រប្រធានាធិបតីបណ្តោះអាសន្ន Juan Guaido”។
សូមបញ្ជាក់ថា របបដឹកនាំរបស់លោក Nicolas Maduro កំពុងរង្គោះរង្គើយ៉ាងខ្លាំង ដោយសារតែមានការមិនពេញចិត្តពីសំណាក់ប្រជាជនយ៉ាងច្រើនទូទាំងប្រទេស។ នៅពេលជាមួយគ្នានេះដែរ ប្រទេសជាច្រើនបានប្រកាសគាំទ្រ មេដឹកនាំបក្សប្រឆាំងលោក Juan Guaido ជាប្រធានាធិបតី។
របបដឹកនាំ Nicolas Maduro សព្វថ្ងៃគាំទ្រដោយប្រទេសរុស្សី ចិន និងគុយបាប៉ុណ្ណោះ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN