ខេត្តស្វាយរៀង ៖ ប្រពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានមានការភ្ញាក់ផ្អើលបានចុះទៅពិនិត្យដោយសារតែបានហៅអេស្ការមកជីកដីដាក់ក្នុងភូមិហើយប៉ះចំគ្រាប់បែកមួយគ្រាប់សល់ពីសម័យសង្គ្រាមដែលមានទង្ងន់ជិត១០០គីឡូក្រាម ប៉ុន្តែសំណាងល្អមិនផ្ទុះកុំអីមិនដឹងថាគ្រោះថ្នាក់យ៉ាងណានោះទេ។
ហេតុការណ៍នៃការប្រទះឃើញគ្រាប់នេះកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៩នេះ នៅខាងក្រោយផ្ទះរបស់ឈ្មោះ ងេម អ៊ាន ភេទប្រុស អាយុ ៤៨ឆ្នាំរស់នៅភូមិ កំពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចប៉ុស្តិ៍គគីរសោមបានអោយដឹងថា ៖ ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋខាងលើថាមានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅខាងក្រោយផ្ទះពលរដ្ឋប្រហែល៧០ម៉ែត្រនិងខាងកើតវត្តសិរីឧត្តម(ហៅវត្តកំពោតទូក)ចំងា៉យ១០០ម៉ែត្រ។
ប្រភពបានបន្តទៀតថា៖គ្រាប់បែកដែលពលរដ្ឋប្រទះឃើញនោះមិនដឹងថាផលិតនៅប្រទេសណានោះទេហើយក៏មិនដឹងថាបាញ់ឬទម្លាក់នៅក្នុងសម័យសង្គ្រាមណានោះដែរទល់តែជំនាញខាងសុីម៉ាក់ទើបដឹងថាជាប្រភេទអ្វីផលិតនៅឆ្នាំណា។
ប្រភពបន្ថែមអោយដឹងទៀតថា ៖ គ្រាប់ដែលប្រទះឃើញនោះទទឹង៣តឹកកន្លះប្រវែងប្រហែលមួយម៉ែត្រមានក្បាលគីបជិតមួយតឹកទង្ងន់ប្រហែល១០០គីឡូក្រាមមាន ស្លាប កង្ហារ និងមានអក្សរប្រាំមួយជួរដាក់ឆ្នាំ១៩៦៥ផងដែរហើយកន្លងមកប្រហែលមួយឆ្នាំមុនមានជនជាតិគេមកស្វែងរកផងដែរតែមិនត្រូវគោលដៅខុសគោលដៅតែ៣០ម៉ែត្រពីកន្លែងប្រទះឃើញប៉ុណ្ណោះ។ហើយបច្ចុប្បន្នសមត្ថកិច្ចយើងបានចុះទៅពិនិត្យដល់កន្លែងដែលប្រទះឃើញគ្រាប់នោះនិងបោះរបងព័ទ្ធជុំវិញដើម្បីកុំអោយពលរដ្ឋមកប៉ះពាល់ក្រែងគ្រោះថ្នាក់ដោយប្រការណាមួយឬអាចមានសាធាតុគីមីប៉ះពាល់ដល់សុខភាព ៕ ដោយ ៖ វ៉ៃកូ