Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​ព្យុះ​ទី ២៧ ឈ្មោះ​តឹម ប៊ិន នឹង​ធ្វើឱ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពី​ថ្ងៃ​ទី ២៦ ដល់ ២៨​ធ្នូ​

ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ឥទ្ធិពល​របស់​ព្យុះ​ទី ២៧ ឈ្មោះ តឹម​ប៊ិន ដែល​កំពុង​វាយប្រហារ​នៅ​ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន នឹង​ធ្វើដំណើរ​មក​ដល់​កម្ពុជា នឹង​ធ្វើឲ្យ​មាន​ភ្លៀង​យ៉ាងខ្លាំង​។​

​បើ​តាម​ប្រកាស​របស់​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃទី​២១​ខែ​ធ្នូ​នេះ លោក​លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ថ្លែងថា បន្ទាប់​ពី​បាន​ធ្វើ​ការសង្កេត តាមដាន​លើ​ស្ថានភាព​អាកាសធាតុ រួចមក ក្រសួង​ធនធានទឹក សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យបាន​ជ្រាបថា វិ​សម្ពាធ​មួយ​ដែល​បានកើ​ត​ឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០១៧ បានវិវត្ត​ខ្លួន​ទៅ​ជា​ព្យុះ​ទី​២៧ ឈ្មោះ តឹម​ប៊ិន នា​ម៉ោង ១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២១​ខែ​ធ្នូ ។

បច្ចុប្បន្ន​ព្យុះ​នេះ​កំពុង​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​។ យោង​តាម​ការព្យាករណ៍​ព្យុះ​តឹម​ប៊ិននឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ហ្វីលីពីន ចូលមក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង រួច​បន្ត​ដំណើរ​មក​កាន់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ប្រទេស​វៀតណាម​។ លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ២៦ ដល់ ថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ពី​មធ្យម​ទៅ​ច្រើន ពិសេស​បណ្តា​ខេត្ត ដែល​ស្ថិតនៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។ តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន មាន​ខ្យល់​បក់បោក​ខ្លាំង រួម​នឹង​រលក​សមុទ្រ​មាន​កំពស់​ខ្ពស់ៗ ។​

​ជាមួយ​នឹង​ស្ថានភាព​អាកាសធាតុ​បែបនេះ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​៕ ដោយ ៖ កូឡាប​

×