ភ្នំពេញ ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យ ម្ចាស់ទីតាំងឱសថបូរាណចំនួន៣ទីតាំង ដែលគ្នានច្បាប់អនុញ្ញត ផ្អាកការលក់ និងចែកចាយឱសថបូរាណ ជាបណ្តោះអាសន្ន ហើយរក្សាទុកឱសថទាំងនេះ កុំឲ្យបាត់បង់ និងត្រូវចូលខ្លួនមកបំភ្លឺបន្ថែម នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ វរសេនីយ៍ទោ កឹម វិសាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផ្ទះលក់ឱសថបុរាណចិន ចំនួន៣ទីតាំង មានផ្ទះលេខ ១០២ ផ្ទះលេខ ១០៤ និងផ្ទះលេខ ១០៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១៧ ហៅថាវិថី (ហ្សាដឺហ្គោល) ក្នុងសង្កាត់អូរឬស្សី ៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការ បានរកឃើញថា ៖
-ទីតាំងផ្ទះលេខ ១០២ មានឱសថមួយចំនួន មិនមានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតនាំចូលនិងចែកចាយ ពីក្រសួងសុខាភិបាល ។
-ដោយឡែកទីតាំងផ្ទះលេខ ១០៤ និងផ្ទះលេខ ១០៦ ខាងលើ មានឱសថមួយចំនួន មិនមានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតនាំចូលនិងចែកចាយ ពីក្រសួងសុខាភិបាល ឱសថហួសកាលបរិច្ឆេទកំណត់ ព្រមទាំងមានការស្តុកទុក ការលក់ និងចែកចាយជាច្រើននូវឱសថជំនួយផ្លូវភេទ ឱសថបង្កើនអារម្មណ៍ផ្លូវភេទជាច្រើនប្រភេទផ្សេងទៀត ដែលក្រសួងសុខាភិបាលហាមឃាត់។
ក្រោយពីការត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះរួចមក លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យ ម្ចាស់ទីតាំងទាំង ៣ ខាងលើផ្អាកការលក់និងចែកចាយឱសថបូរាណ របស់ខ្លួនជាបណ្តោះអាសន្ន ហើយរក្សាទុកឱសថទាំងនេះកុំឲ្យបាត់បង់ និងត្រូវចូលខ្លួនមកបំភ្លឺបន្ថែម នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ព្រមទាំងឲ្យសមត្ថកិច្ចនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដកហូតយកនូវវត្ថុតាងខុសច្បាប់មួយចំនួន មករក្សាទុកនៅ គណៈកម្មាធិការ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ដោយ ៖ កូឡាប