ភ្នំពេញ ៖ ការទុកឱសានវាទ៣ថ្ងៃ ឲ្យម្ចាស់រថយន្ត Range Rover ប្រគល់អ្នកបើកបរ ដែលបុកសម្លាប់ស្ត្រីនិស្សិតម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរបុកហើយរត់គេចថែមទៀតនោះ នឹងឈានមកដល់ល្ងាចថ្ងៃសុក្រនេះហើយ។ មន្ត្រីនគរបាលរាជធានីភ្នំពេញ បានថ្លែងថា បើសិនជាម្ចាស់រថយន្ត Range Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 លោក យិន ង្គិច មិនប្រគល់អ្នកបើកបររថយន្តនោះទេ សមត្ថកិច្ចនឹងមានវិធានការណ៍តាមផ្លូវច្បាប់ ។
ស្ត្រីជានិស្សិតអាយុ២២ឆ្នាំ កញ្ញា ឌុំ រីដា ត្រូវរថយន្ត Range Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បានបុកកាលពីរសៀល ថ្ងៃទី២៦មីនា បណ្តាលអោយស្លាប់នៅលើផ្លូវមួយក្នុងខណ្ឌទួលគោក ប៉ុន្តែអ្នកបើកបរមិនបានឈប់ទទួលខុសត្រូវនោះទេ ថែមទាំងបើករត់ទៀតផង។ អំពើបើកបុកហើយរត់ ត្រូវគេចាត់ទុកជាអំពើខុសច្បាប់។
ព្រឹត្តិការណ៍ បើកបុកហើយរត់គេចនេះ ត្រូវបានកាមេរ៉ាសុវត្ថិភាពបានចាប់រូបភាពបាន និងបង្ហោះក្នុងបណ្តាញសង្គម ដែល បណ្តាលអោយមានការខឹងសម្បារពីមនុស្សជាច្រើន និងពួកគេបានអំពាវនាវអោយសមត្ថកិច្ចស្វែងរកជនដៃ ដល់ ដើម្បីការដាក់ទោសតាមច្បាប់។
ក្រោយហេតុការណ៍នោះ ការស្រាវជ្រាវបានរកឃើញថាអ្នកបើកបរគឺជាស្ត្រី ដែលគេជឿថាជាកូនស្រីរបស់លោក យិន ង្គិច ឈ្មោះ យិន ម៉ាណា ។ លោកយិន ង្គិច ក្រោយមកបានសារភាពថា អ្នកបើកបរនោះពិតជាកូនស្រីរបស់លោកពិត ប្រាកដមែន។ សមត្ថកិច្ចបានទុករយៈពេល៣ថ្ងៃអោយលោកយិនង្គិច ប្រគល់កូនស្រីមកឲ្យ ហើយរយៈពេល៣ថ្ងៃនឹងមកដល់នៅល្ងាចថ្ងៃសុក្រទី២៩មីនានេះ ៕ ដោយ៖បញ្ញាស័ក្តិ