ភ្នំពេញ៖ សាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិកនិងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងបើកវេទិការរួមគ្នាមួយនៅដើមខែមេសាខាងមុខនេះ ដើម្បីជួបជុំជាមួយបេក្ខជនទាំងអស់ដែល ត្រៀមចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យទាំងពីខាងលើបានឱ្យដឹងថា វេទិការជួបជុំនេះនឹងផ្តល់ ឱកាសដល់បេក្ខជនដែលជានិស្សិតនិងបញ្ញាជនទូទៅ ដែលមានបំណងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិក អាចទទួលបានព័ត៌មានលម្អិតស្តីពីកម្មវិធីសិក្សា ការទទួលសញ្ញាបត្រ មកពីអាមេរិកនិងអត្ថប្រយោជន៍នៃការសិក្សាជំនាញនីមួយៗ ដើម្បីត្រៀមខ្លួនក្នុងការប្រជែងយកការងារទាំង ក្នុងប្រទេសនិងអន្តរជាតិ។
លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានមានប្រសាសន៍ថា “កម្មវីធីថ្នាក់អនុបណ្ឌិតរបស់ AUPP នឹងផ្តល់ចំណេះដឹងនិងបទពិសោធន៍ពិតដល់និស្សិត សម្រាប់តម្រូវការក្នុងទីផ្សារសាកលលោក។”
វេទិការដ៏ពិសេសនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ ០៧ ខែមេសា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ AUPP ក៏នឹងបើកឱកាសឱ្យមហាជនទូទៅដែលចាប់អារម្មចង់ចូលរួមស្តាប់ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ ០១២ ២៦៦ ៦៣១ /០៧១ ៣៦៥២ ៦៤៧។ សាកលវិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារលេខ២៧៨ ផ្លូវលេខ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ ដោយ:កូឡាប