នារីវ័យក្មេងម្នាក់ឈ្មោះ យិន ម៉ាណា ដែលបើករថយន្តបុកនិស្សិតស្រីម្នាក់បណ្តាលឱ្យស្លាប់ បានយល់ព្រមចូលខ្លួនទៅដោះស្រាយ និងឆ្លើយបំភ្លឺចំពោះមុខសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកហើយ នៅព្រឹកថ្ងៃទី២៩ ខែមីនា នេះ ។ បន្ទាប់ពីសមត្ថកិច្ចចរាចររាជធានីភ្នំពេញសាកសួរយកចម្លើយរួចហើយបាននាំខ្លួនកញ្ញា យិន ម៉ាណា ទៅ ដល់តុលាការ ភ្លាមៗដើម្បីបន្តនីតិវិធី នៅម៉ោងជាង១០ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ បាន ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ លោក យិន ង្គិច បាននាំកូនស្រីឈ្មោះ យិន ម៉ាណា មកដល់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចសួរចម្លើយ ពាក់ព័ន្ធនឹងករណីបើកបរបុកនិស្សិតស្លាប់។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត Range Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ទៅនិស្សិតឆ្នើមម្នាក់ នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕ ដោយ:កូឡាប