ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនសាងសង់ Obayashi នៃគម្រោងស្តារឡើងវិញស្ពានមិត្តភាព កម្ពុជា ជប៉ុន (ស្ពានជ្រោយចង្វារទី១) បានរៀបចំកម្មវិធីអប់រំដល់សិស្សានុសិស្សដើម្បីបង្កើននូវស្មារតីស្រឡាញ់ និងថែរក្សាស្ពាននេះ ដែលជាទ្រព្យសម្បត្តិសាធារណៈ។ គោលបំណងសំខាន់ៗនៃកម្មវិធីនេះមានដូចជា៖ រំលឹកពីអនុស្សាវរីយ៍នៃចំណងមិត្តភាព កម្ពុជា-ជប៉ុន អបអរសាទរការបើកឲ្យដំណើរការឡើងវិញនូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) លើកកម្ពស់ស្មារតីនៃការស្រលាញ់ និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ។
កម្មវិធីនេះចូលរួមដោយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនសាងសង់ Obayashi ទីប្រឹក្សាបច្ចេកទេស CCI តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងស្ថានទូតជប៉ុន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង៤០០នាក់៕ ដោយ ៖ កូឡាប