ខេត្តព្រះសីហនុ ៖ ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន សុផល បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០១៩នេះថា មន្ត្រីជំនាញពន្ធដារខេត្តនេះ បានសហការជាមួយ កម្លាំងចម្រុះចុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅមូលដ្ឋាននេះ ហើយមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធផ្លូវ ឬមិនទាន់បង់ពន្ធផ្លូវ ឆ្នាំ២០១៨ មានចំនួន ៧៦៥គ្រឿង និងបានចាប់ឲ្យម្ចាស់បង់ពន្ធ ព្រមទាំង ផាកពិន័យបានថវិកាចូលរដ្ឋជាង ៨រយលានរៀល។
លោក សន សុផល បញ្ជាក់ថា ការចាប់ឃាត់រថយន្តអត់បង់ពន្ធផ្លូវឆ្នាំ ២០១៨នេះ គឺគិតចាប់ពីដើមខែកុម្ភៈ មកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៩។
លោកបន្តថា ការចាប់ឃាត់រថយន្តអត់បង់ពន្ធផ្លូវខាងលើនេះ គឺមន្ត្រីជំនាញពន្ធដារ បានតម្រូវឲ្យម្ចាស់យានយន្តទាំងនោះ ត្រូវបង់លុយថ្លៃពន្ធផ្លូវឆ្នាំ ២០១៨ ភ្លាមៗ ឲ្យគ្រប់ចំនួន និងបានផាកពិន័យបន្ថែមទៀត ពោលគឺ ម្ចាស់យានយន្តនីមួយៗ ត្រូវបង់ពន្ធផ្លូវឆ្នាំ២០១៨ និងលុយផាកពិន័យទ្វេដង។
ផ្តើមពីបញ្ហានេះ លោក សន សុផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានរថយន្តគ្រប់ប្រភេទ ត្រូវតែឺទៅបំពេញកាតព្វកិច្ចបង់ពន្ធផ្លូវ ឲ្យបានជាប្រចាំ នៅតាមឆ្នាំនីមួយៗ ព្រោះលោកអ្នកមិនអាចគេចវេសពីកាតព្វកិច្ចបង់ពន្ធផ្លូវលើមធ្យោបាយយានយន្ត របស់ខ្លួនបាននោះទេ។
លោកថា មន្ត្រីពន្ធដារ នៅតាម រាជ ធានីខេត្តនីមួយៗ និងសហការការជាមួយកម្លាំងចម្រុះចុះដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នៅតាមដងផ្លូវសាធារណៈមួយចំនួន ដើម្បីត្រួតពិនិត្យពន្ធផ្លូវនេះជាប្រចាំ ដោយ មិន អនុគ្រោះដល់ ម្ចាស់ យានយន្ត ដែលមិនបានបង់ពន្ធផ្លូវទាំងនោះជាដាច់ខាត។
លោក សន សុផល បានឲ្យដឹងទៀតថា ការត្រួតពិនិត្យពន្ធផ្លូវឆ្នាំ ២០១៨ នឹងបញ្ចប់នៅត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។ ប៉ុន្តែក្នុងករណីមានគោលការណ៍ថ្មីពីថ្នាក់ដឹកនាំទាក់ទិនការត្រួតពិនិត្យពន្ធផ្លូវខាងលើនេះ មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ នឹងអនុវត្តការងារនេះ ឲ្យស្របតាមការណែនាំ របស់ថ្នាក់ដឹកលើ ដែលបានដាក់ចេញ៕ ដោយ ៖ ដែន សីមា