អនុប្រធានាធិបតីអាហ្គានីស្ថានលោក Abdul Rashid Dostum បានគេចខ្លួនដោយសុវត្ថិភាព បន្ទាប់ពីមានការប៉ងធ្វើឃាតលើរូបលោកជាលើកទី ២ នៅភាគខាងត្បូងប្រទេស។ ក្នុងការវាយប្រហារនោះបណ្តាលឲ្យស្លាប់អង្គរក្សម្នាក់របស់លោក។
មន្ត្រីបាននិយាយថា ក្រុមវាយប្រហារបានស្ទាក់ និងវាយប្រហារទៅលើក្បួនរបស់លោក Abdul Rashid Dostum នៅក្នុងខេត្ត Balkh។
ក្រុមតាលីបង់បានចេញមុខអះអាងថា ពួកគេជាអ្នកធ្វើការវាយប្រហារនោះ។ ក្នុងការវាយប្រហារដែលមានរយៈពេល ១ម៉ោង ក៏បណ្តាលឲ្យអង្គរក្សលោករងរបួស ២នាក់ផងដែរ។
នេះគឺជាការប៉ុនប៉ងធ្វើឃាតលើទី ២ហើយលោកជីវិតរបស់លោក បន្ទាប់ពីអតីតមេបញ្ជាការរូបនេះ បានត្រឡប់ចូលក្នុងប្រទេសវិញកាលពីខែ កក្កដា។
ក្នុងការវាយប្រហារលើកទី ១ ដោយគ្រាប់បែកអត្តឃាតនៅព្រលាយន្តហោះទីក្រុងកាប៊ុល បណ្តាលឲ្យមនុស្សចំនួន ១៤នាក់ស្លាប់។ ការវាយប្រហារនោះកើតឡើងភ្លាមៗក្រោយពេលគាត់បានត្រឡប់មកដល់ព្រលាន។ ក្រុមរដ្ឋអ៊ីស្លាមចេញមុខអះអាងថា ជាទំនួលខុសត្រូវរបស់ពួកគេ។
លោក Abdul Rashid Dostum ដែលជាជនជាតិដើមអូបេគីស្ថាន បានចូលរួមជាមួយនឹងរដ្ឋាភិបាលអាហ្គានីស្ថានកាលពីឆ្នាំ ២០១៤ និងបានក្លាយទៅជាអ្នកនយោបាយ ដ៏មានភាពចំរូងចម្រាស់។
គាត់បានជួយសហរដ្ឋអាមេរិចទម្លាប់មេដឹកនាំតាលីបង់កាលពីឆ្នាំ ២០០១ និងត្រូវបានគេចាត់ទុកថាជាមនុស្សដែលធ្វើឲ្យមានការប្រព្រឹត្តអំពើឃោរឃៅបំផុតក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេស។
កាលពីជាងមួយឆ្នាំមុន គាត់បានចាកចេញពីប្រទេសទៅកាន់ប្រទេសតួកគី ក្រោយពេលរងការចោទប្រកាន់ថា បានបញ្ជាឲ្យកូនចៅរបស់លោកទៅចាប់ជំរិត និងរំលោភអ្នកនយោបាយគូរបដិបក្ស ប៉ុន្តែត្រូវលោកបដិសេធថា ការធ្វើដំណើររបស់លោកទៅកាន់ប្រទេសតួកគីគឺដើម្បីធ្វើការពិនិត្យសុខភាព៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC