ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិ ព.ស
២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច និងបែងចែកតួនាទីភារកិច្ចគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារសម្រាប់រៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ទោស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីសមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិកសមាជិការគណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់អនុគណៈកម្មការទាំងអស់ និងក្រុមការងារសង្ក្រាន្តស្វាយរៀង ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចដូចមានកំណត់ ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបធ្វើផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុង អនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានឆាប់ និងច្បាស់លាស់សម្រេចបានតាមការគ្រោងទុក។
លោក ម៉ែន វិបុលក៏បានផ្តាំផ្ញើរដល់មន្ទីរ-អង្គភាព សាលាក្រុង-ស្រុក ត្រូវរៀបចំតុបតែងភ្លើង លំអរនៅទីតាំងរបស់ខ្លួនអោយមានសោភ័ណ្ឌភាពដើម្បីត្រៀមទទួលនូវសិរីសួស្តីទេវតាឆ្នាំថ្មី។ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីគ្រោះអគ្គីភ័យ ដែលកើតចេញពី ភ្លើងធូប ភ្លើងទាន ភ្លើងចង្ក្រាន្ត និងចរន្តអគ្គិជាដើម…។ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត សាលាក្រុងស្វាយរៀង ត្រូវសហការជាមួយអគ្គីសនីស្វាយរៀង រៀបចំតុបតែងភ្លើងលំអរតាមទីសាធារណៈ និងភ្លើងបំភ្លឺផ្លូវសាធារណៈអោយបានល្អប្រសើរ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវរៀបចំផែនការពង្រឹងការការពារសន្តិសុខសុវត្ថិភាពជូនដល់បង ប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសវត្តអារាម និងទីតាំងប្រារព្ធពិធីសង្ក្រាន្តស្វាយរៀងនាថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ៕ ដោយ ៖ វ៉ៃកូ