(ហ្សឺណែវ, ស្វីស)៖ ក្នុងស្មារតីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសកល នាពេលថ្មីៗនេះ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសេចក្តីថ្លែងការណ៍ក្នុង «កិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម (TPR)» លើកទី១៦ របស់ប្រទេសជប៉ុន នៅទីស្នាក់ការកណ្តាល WTO ដែលប្រព្រឹត្តកាលពីថ្ងៃទី២៧ និងទី២៩ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គរាជទូត បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការ TPRM ដែលជាមុខងារស្នូលរបស់ WTO ក្នុងការជំរុញតម្លាភាព គណនេយ្យភាព និងការយល់ដឹងស៊ីជម្រៅអំពីគោលនយោបាយពាណិជ្ជកម្មរវាងសមាជិកទាំងអស់ ដើម្បីធានាបាននូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានការព្យាករណ៍បាន និងប្រកបដោយបរិយាបន្ន។
បន្ថែមពីនេះ ឯកឧត្តមអគ្គរាជទូត បានសម្តែងការវាយតម្លៃខ្ពស់ចំពោះជប៉ុន ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច ដែលមានភាពធន់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តវិធានពាណិជ្ជកម្មរបស់ WTO កន្លងមក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គរាជទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជប៉ុន ដែលបានសម្រេចផ្តល់ការអនុគ្រោះពន្ធទូទៅ (GSP) ជូនដល់ក្រុមប្រទេស LDCs ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីល្អជាមួយកម្ពុជាលើគ្រប់វិស័យផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី










