ខេត្តស្វាយរៀង ៖ នាថ្ងៃអាទិត្យ១១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះនៅវិទ្យាល័យស្វាយរៀងមានរៀបចំកម្មវិធីសង្ក្រាន្តវិទ្យាល័យ ឬបុណ្យវិទ្យាល័យស្វាយរៀងដែលផ្តួចផ្តើមដោយសមាគមន៍អតីតសិស្សវិទ្យាល័យស្វាយរៀង លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមានការគាំទ្រដោយឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ។
លោកគ្រូ យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានឱ្យក្រុមអ្នកសារព័ត៌មានបានឱ្យដឹងថា ៖ នេះជាលើកទី២ហើយដែលវិទ្យាល័យស្វាយរៀងបានរៀបចំនូវពិធីនេះឡើងដើម្បីអបអរសាទរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង និងបង្កអោយមានភាពសប្បាយជូនដល់សិស្សានុសិស្សក៏ដូចជាស្មារតីសាមគ្គីភាពក្នុងការរៀបចំនូវស្តង់ពិពណ៌ផ្សេងៗរបៀបជាខ្មែរបុរាណ ហើយឆ្នាំនេះមានការរៀបចំធំដុំជាងឆ្នាំមុនដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ៣១០៥នាក់ ក្នុងនោះក៏សង្កេតឃើញមានវត្តមានចូលរួមពីសំណាក់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យបងប្អូនប្រជាពលរដ្ឋ និងអតីតសិស្សនៃវិទ្យាល័យស្វាយរៀងប្រកបដោយស្មារតីសាមគ្គីភាព។
ពិធីនេះក៏មានការតាំងពិពណ៌នូវសិល្បៈវប្បធម៌របៀបប្រពៃណីខ្មែរ និងល្បែងប្រជាប្រិយជាច្រើនមុខដែលមានការគាំទ្របច្ចេកទេសបង្រៀនរបាំពីខាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ក្នុងគោលបំណងចង់អោយសិស្សានុសិស្ស ចេះគោរពស្រលាញ់គ្នាសាមគ្គីភាពផ្ទៃក្នុង គ្រប់គ្រងគ្នាអោយធ្វើអំពើល្អ កុំ ប្រព្រឹត្តល្បែងពាលាអាវ៉ាសែ ហើយត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀនដែលសង្គមស្អប់ខ្ពើម ៕ ដោយ ៖ វ៉ៃកូ