ភ្នំពេញ ៖ ក្នុងរយៈពេល៣ខែត្រីមាសទី១ឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់បានរំដោះផ្ទៃដីតំបន់មីន/គ្រាប់បានចំនួនប្រមាណ២៥គីឡូម៉ែត្រក្រឡា ស្មើនឹងប្រមាណ៩០% នៃផែនការ បានរុករកឃើញនិងកំទេចចោលគ្រាប់មីន/គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង៩៤០០គ្រាប់ និងបង្កឱ្យមានមនុស្សចំនួន៤៤នាក់ស្លាប់និងរងរបួស។
លោកហេងរតនាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពីថ្ងៃទី 1 ខែមេសាឆ្នាំ 2019 តាមរយៈ facebook ផ្លូវការបានថ្លែងថា ក្រោមដំណាក់ញើសនិងការលះបង់ថាមពលខ្ពស់របស់មន្ត្រីជំនាញទាំងអស់នៅសមរភូមិមុខ ក្នុងរយះពេល ៣ ខែ ត្រីមាសទី១ ឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់បានរំដោះផ្ទៃដីតំបន់មីន/គ្រាប់បានចំនួនប្រមាណ២៥គីឡូម៉ែត្រក្រឡា ស្មើនឹងប្រមាណ៩០%នៃផែនការ បានរុករកឃើញនិងកំទេចចោលគ្រាប់មីន/គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះគ្រប់ប្រភេទជាង ៩,៤០០ គ្រាប់។ អប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនដល់ប្រជាពលរដ្ឋបានជាង ៨០,០០០ នាក់។ ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាននិងនគរបាលមូលដ្ឋានឆ្លេីយតបដោះស្រាយសំនូមពរប្រជាពលរដ្ឋបោសសំអាតគ្រាប់បន្ទាន់ៗ បានជាង ១០០០ករណី។
លោកអគ្គនាយកបានបន្ថែមថា ទន្ទឹងនឹងជោគជ័យនេះ ក៏មានការសោកស្តាយដែលចំនួនប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយសារគ្រាប់មីន/គ្រាប់ មានចំនួន៤៤នាក់(ទាំងស្លាប់និងរងរបួស)។
សូមឆ្លៀតឱកាសនេះសំដែងការអរគុណចំពោះរាជរដ្ឋាភិបាល ភ្នាក់ងារផ្តល់ជំនួយ អាជ្ញាធរមូលដ្ឋាន និងដៃគូទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងកក់ក្តៅ ដើម្បីឱយកំលាំងអង្គភាពស៊ីម៉ាក់បានបំពេញការងារមនុស្សធម៌ជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ ៕ ដោយ ៖ កូឡាប