Wednesday, June 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ កំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន បន្ទាប់ពីបញ្ជូនទៅមណ្ឌលអប់រំប្រែទី៤ និងពន្ធនាគារខេត្តឧត្តរមានជ័យ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ បាននឹងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យជាតិ។

សូមជម្រាបជូនថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើងភេទប្រុសចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន២ រួមមាន៖ មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន ៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យចំនួន ១៣៩នាក់។

ផ្អែកតាមរបាយការណ៍ពី មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) និងពន្ធនាគារខេត្តឧត្តរមានជ័យ ទណ្ឌិតជាក្មេងទំនើងខាងនេះ បានអនុវត្តយ៉ាងសកម្ម ស្របតាមនូវវិធានការនានាដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។

កម្មវិធីបណ្តុះបណ្តាលខាងលើនេះ ត្រូវបានអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន។

ទន្ទឹមនឹងនេះ ដើម្បីរួមចំណែកកសាងសង្គមជាតិមួយដ៏មានតម្លៃ និងពោរពេញដោយសក្តានុពល អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់យុវជនទាំងអស់ ត្រូវជៀសវាងឱ្យដាច់ស្រឡះពី «អបាយមុខ» ទាំងឡាយ ព្រោះវាជាផ្លូវនៃក្តីវិនាស និងជាឧបសគ្គរាំងស្ទះដល់អនាគតដ៏ភ្លឺស្វាងរបស់យើង ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែបន្តបោសសម្អាតឱ្យអស់ ដោយមិនត្រូវប្រលែងដៃឡើយ ចំពោះក្រុមក្មេងទំនើង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×