ប្រទេសកូរ៉េខាងត្បូងនឹងពិចារណាលើការអញ្ជើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានកូរ៉េខាងត្បូងនៅក្នងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យវិមានប្រធានាធិបតី។
លោក Yoon Do-han មន្ត្រីជាន់ខ្ពស់នៅវិមានប្រធានាធិបតី Blue House បានថ្លែងក្នុងសន្និសិទថា ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីននឹងធ្វើកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំ អាស៊ាន ចាប់បីថ្ងៃទី ២៥ ដល់ ២៦ វិច្ឆការ នៅទីក្រុង Busan។
កិច្ចប្រជុំកំពូលនោះមានគោលបំណងប្រារព្ធខួបលើកទី ៣០នៃការបង្កើតទំនាក់ទំនងសន្ទនារវាង កូរ៉េខាងត្បូង និងអាស៊ាន (ASEAN)។
មន្ត្រីវិមានប្រធានាធិបតីបញ្ជាក់ប្រាប់អ្នកសារពត៌មានថា ទីក្រុងសេអ៊ូលនឹងធ្វើការពិនិត្យមើល ក្នុងការចូលរួមរបស់មេដឹកនាំកូរ៉េខាងជើងក្នុងកិច្ចប្រជុំកំពូល ដើម្បីប្រឹក្សាជាមួយនឹងមេដឹកនាំ អាស៊ាន ខណៈពេលនេះកូរ៉េខាងត្បូង កំពុងពិនិត្យមើលស្ថានភាពនៅឧបទ្វីប។
សូមរម្លឹកថា កាលពីក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ានកូរ៉េខាងត្បូងនៅក្នុងប្រទេសសិង្ហបុរីកាលពី ឆ្នាំមុន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក៏បានប្រាប់អោយប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន អញ្ជើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុងចូលរួមក្នុងកិច្ចប្រជុំកំពូលផងដែរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua