កំពត ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងចរចាជាមួយនឹងឡាវ ថៃ និងវៀតណាម ដើម្បីបើកច្រកថ្មីៗបន្ថែមទៀត ជំរុញឲ្យមានទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសជិតខាង។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជាកំពុងពិភាក្សាជាមួយប្រទេសជិតខាង ដើម្បីបើកច្រកព្រំដែនថ្មីៗបន្ថែមទៀត ដើម្បីពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នា។
ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់ជាមួយប្រទេសជិតខាងវិញ យើងបានប្រែក្លាយរួចមកហើយ និងកំពុងបន្តជំរុញតទៅទៀត នូវការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង ព្រោះព្រំដែនរបស់យើងបានក្លាយជាកន្លែងសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរួចទៅហើយ ។ យើងកំពុងចរចាជាមួយនឹងឡាវ ថៃ និងវៀតណាម ដើម្បីបើកច្រកថ្មីៗបន្ថែមទៀត ជំរុញឲ្យមានទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសជិតខាងរបស់យើង។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ការសម្រេចបានទំហំពាណិជ្ជកម្មទាំងនេះ បានកើតឡើងព្រោះតែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំប្រទេស ដែលស្ថិតនៅក្នុងបរិបទសុខសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
សម្តេចបានបន្តថា ចំណុចនេះអាចវិលត្រឡប់មកនិយាយបានអំពីចក្ខុវិស័យ នៃការគ្រប់គ្រងប្រទេសជាតិមួយ ដែលដាក់ស្ថានភាពផ្ទៃក្នុង នៅក្នុងបរិបទសុខសន្តិភាព និងទំនាក់ទំនងជិតខាងល្អ ជាមួយប្រទេសដែលមានព្រំដែនជាប់ជាមួយយើង៕ ដោយ ៖ បញ្ញាស័ក្តិ