តាកែវ ៖ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តតាកែវ កម្ពុជានៅឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានទឹកស្អាត និងមានបង្គាន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ពោល គឺលុបបំបាត់ចោលទាំងស្រុង នូវការបន្ទោរបង់ពាសវាលពាសកាល ដោយឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែមានបង្គាន់អនាម័យសម្រាប់ប្រើប្រាស់ នឹងទឹកស្អាតសម្រាប់បរិភោគ ដើម្បីធានាបានថា ទោះនៅតំបន់ទីប្រជុំជន និងនៅតំបន់ដាច់ស្រយោល ក៏មានបង្គាន់អនាម័យ និងទឹកស្អាតប្រើប្រាស់ផងដែរ ។
ថ្លែងបែបនេះក្នុងពេលដែលលោកប្រធានមន្ទីររួមជាមួយនិងលោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្ត នាព្រឹកថ្ងៃអង្គារ៍ ទី០២ ខែមេសា ឆ្នាំ២០១៩ ។
ក្រោយស្តាប់នៅរបាយណ៏ការច្បាស់លាស់របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តរួច អាជ្ញាធរខេត្តតាកែវ បានធ្វើការជម្រុញទៅដល់លោកអភិបាលក្រុងស្រុកទាំង១០ របស់ខេត្ត ត្រូវតែធ្វើចលនាអប់រំផ្សព្វផ្សាយដល់ឃុំសង្កាត់ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវផ្លាស់ប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាសកាល មកជាការប្រើប្រាស់បង្គាន់អនាម័យវិញ ជាពិសេសក៏ត្រូវតែប្រើប្រាស់ទឹកស្អាតជាប្រចាំផងដែរ។
លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវបានមានបន្តថា ការផ្លាស់ប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាសកាល មកជាការប្រើប្រាស់បង្គន់អនាម័យឲ្យបានត្រឹមត្រូវ និងការហូបទឹកស្អាតនោះ វាគឺជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យបរិស្ថានស្អាត និងទប់ស្កាត់ការ ចម្លងមេរោគផ្សេងៗ ពិសេសជួយបានមួយផ្នែកលើការចំណាយផ្សេងៗផងដែរ។ លោកអភិបាលរងខេត្តតាកែវ បានបញ្ជាក់ថា សព្វថ្ងៃនៅតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ មានបង្គន់អនាម័យប្រើប្រាស់តិចតួចណាស់ ហើយនៅតំបន់ដាច់ស្រយោលខ្លះ ពួកគាត់នៅតែទម្លាប់បន្ទោរបង់ពាសវាលពាសកាល និងការបរិភោគទឹកមិនស្អាត ដូច្នេះសូមអាជ្ញាធរភូមិឃុំ និងមន្ត្រីជំនាំ ត្រូវតែជុំរុញឲ្យពួកគាត់ មានទម្លាប់ប្រើប្រាស់ បង្គន់ អនាម័យអោយបានគ្រប់ៗគ្នា ព្រោះកាលណាប្រជាពលរដ្ឋមានបង្គន់អនាម័យគ្រប់ៗគ្នាវានឹងកាត់បន្ថយអត្រានៃអ្នកដែលបន្ទោរបង់ពាសវាលពាសកាល ជាពិសេសកាត់បន្ថយនៅការកើតនូវជម្ងឺអាសន្នរោគផ្សេងៗទៀតផងដែរ ៕ ដោយ ៖ តាកែវ