ប្រធានាធិបតីប្រទេសអាល់ហ្សេរី លោក Abdelaziz Bouteflika បានប្រកាសចុះចេញពីតំណែង បន្ទាប់ពីមានការបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរូបលោកអស់រយៈពេលជាច្រើនសប្តាហ៍។
លោក Abdelaziz Bouteflika អាយុ ៨២ឆ្នាំ ដែលកាន់តំណែងអស់រយៈពេល ២០ឆ្នាំមកហើយ បានបោះបង់ចោលគំរោងរួចហើយ ក្នុងការបន្តធ្វើប្រធានាធិបតីនៅអាណត្តិទី ៣ ខណៈការប្រឆាំងនឹងការដឹកនាំរបស់លោកមានការកើនឡើងយ៉ាងខ្លាំង។
កងទ័ពដ៏មានឥទ្ធិពលបានស្នើឲ្យរូបលោកប្រកាសពីអសមត្ថភាពក្នុងការបំពេញតួនាទី។ មេដឹកនាំរូបនោះធ្លាប់មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលអស់រយៈពេល ៦ឆ្នាំមកហើយ ហើយលោកកម្រលេចមុខនៅទីសាធារណៈណាស់តាំងពីពេលនោះមក។
ប្រជាជនអាល់ហ្សេរីមានការសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពេលបានលឺដំណឹងពីការលាលែងនោះ។
ប្រជាជនអាល់ហ្សេរីម្នាក់ឈ្មោះ Selmaoui Seddik បានថ្លែងប្រាប់សារពត៌មាន Reuters ថា “ពួកយើងនឹងមានការផ្លាស់ប្តូរបែបប្រជាធិបតេយ្យ ១០០ភាគ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ពួកយើងត្រូវតែលុបបំបាត់អ្វីៗចោលសល់ពីរបបមុន”។
បើយោងតាមច្បាប់រដ្ឋធម្មនុញ្ញប្រទេសនេះ ប្រធានព្រឹទ្ធសភានឹងឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរហូតដល់មានការបោះឆ្នោត៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC