ត្បូងឃ្មុំ ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០០នាទី នៅលើផ្លូវលំក្រាលក្រួសក្រហម (ត្រង់ចំណុចផ្លូវបំបែកជាបួន) ស្ថិតនៅភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តកែច្នៃ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ បង្កឲ្យមានភាពភ្ញាក់ផ្អើល ។
ក្នុងគ្រោះថ្នាក់ចរាចរនោះបានបង្កឲ្យអ្នកបើកបរម៉ូតូម៉ាកហុងដាសេ១០០ (សេរីចាស់) ពណ៌ព្រីងទុំ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សឿន ប៉ុនថេង ភេទប្រុស អាយុ ១៣ ឆ្នាំ ជាតិខ្មែរ (មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ ស្លាប់ភ្លាមនៅនឹងកន្លែងកេីតហេតុ ។ រីឯឈ្មោះ ជា សុជាតិវិទ្យា ភេទប្រុស អាយុ១១ឆ្នាំ ជាតិខ្មែរ (មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិ/ឃុំជាមួយគ្នា អ្នករួមដំណើរជាមួយរងរបួសស្រាល ។
យោងតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា ៖ ម៉ូតូម៉ាកហុងដាសេ១០០ ពណ៌ព្រីងទុំ បើកបរពីកើតទៅលិចក្នុងល្បឿនលឿនលុះបើកដល់ចំណុចកេីតហេតុ (ផ្លូវបំបែកជាបួន) បានជាន់ហ្វ្រាំងអូសកង់ធ្វើឲ្យទប់លំនឹងមិនជាប់បណ្ដាលបុកចំកង់មុខផ្នែកខាងឆ្វេង នៃរថយន្តកែច្នៃដែលបើកពីជើងទៅត្បូងពេញទំហឹងតែម្ដង ធ្វើឲ្យខូចខាតម៉ូតូចំនួន០១គ្រឿង(កម្រិតធ្ងន់) និងរថយន្តកែច្នៃចំនួន០១គ្រឿង(កម្រិតស្រាល) ។ ក្រោយកើតហេតុភ្លាមអ្នកបើកបររថយន្តកែច្នៃ (ដឹកម្រេច) ពណ៌ខៀវ គ្មានស្លាកលេខ មិនទាន់ស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរក្រោយពេលកើតហេតុរត់គេចចេញពីកន្លែងកេីតហេតុបាត់ ។
បច្ចុប្បន្នម៉ូតូចំនួន០១គ្រឿង និងរថយន្តកែច្នៃចំនួន០១គ្រឿង ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ។ សាកសពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ចំណែកអ្នករបួសត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ៕ ដោយ ៖ កូឡាប