កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានអនុសាខាគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ ។
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ការៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលនេះ គឺដើម្បីជាការបំផុសស្មារតីដល់អ្នកប្រើប្រាស់លើផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្តត្រូវមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ ត្រូវគោរពច្បាប់ចរាចរអោយបានខ្ចប់ខ្ជួន ពិសេសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងអោយច្បាស់អំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព ។
ពិធីនេះដែរក៏មានការរៀបចំយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ជាក្បួនដង្ហែរតាមដងផ្លូវ ដើម្បីលើកកម្ពស់ការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ដោយមានការចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង និងស្របតាមពាក្យស្លោក ” ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” និងពាក្យស្លោក “មួកសុវត្ថិភាពមួយ ជួយជីវិតមនុស្សបានមួយនាក់ ” ៕ ដោយ៖កូឡាប