អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃពុធម្សិលម៉ិញបានធ្វើការរិះគន់លើច្បាប់អ៊ីស្លាមរបស់ប្រទេសប្រ៊ុយណេ ដែលដាក់ទោសទណ្ឌប្រហារជីវិតដោយគប់នឹងដុំថ្ម ចំពោះការរួមភេទដូចគ្នា និងអំពើផិតក្បត់ ហើយលោកបានហៅច្បាប់នោះថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងច្បាស់។
ច្បាប់ព្រហ្មទណ្ឌថ្មីរបស់ប្រ៊ុយណេបានចូលជាធរមាននៅថ្ងៃពុធ ទោះបីមានការរិះគន់ជាសកលលោកពីសំណាក់អ្នកនយោបាយ ក្រុមអង្គការសិទ្ធិមនុស្ស និងមនុស្សល្បីៗជាច្រើនក្តី។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានថ្លែងថា ប្រធានអង្គការសហប្រជាជាតិប្រឆាំងដាច់ខាតចំពោះគ្រប់ទម្រង់នៃការដាក់ទណ្ឌកម្មដ៏ឃោរឃៅ។
អ្នកនាំពាក្យដដែលបញ្ជាក់ថា “ប្រធានអង្គការសហប្រជាជាតិគាំទ្រយ៉ាងខ្លាំងចំពោះការការពារ សិទ្ធិមនុស្សចំពោះមនុស្សទាំងអស់ដែលអាចឲ្យពួកគេចង់នៅជាមួយនរណាដែលពួកគេចង់ និងស្រឡាញ់នរណាដែលពួកគេចង់ស្រឡាញ់”។
ច្បាប់ថ្មីរបស់ប្រ៊ុយណេបានកំណត់ដាក់ទោសប្រហារជីវិតដោយគប់នឹងដុំថ្ម ចំពោះការរួមភេទរវាងបុរស និងបុរស ហើយសម្រាប់ការរួមភេទរវាងស្ត្រី និងស្ត្រីវិញ ពួកគេអាចប្រឈមនឹងការវាយ ៤០រំពាត់ ឬក៏ប្រឈមនឹងទោសជាប់គុក ១០ឆ្នាំ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia