Tuesday, November 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់តាំងពី​ឆ្នាំ 1992 អាល្លឺម៉ង់ ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ជាង 600 លាន​ដុល្លារ​

​ភ្នំពេញ ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានប្រកាសថា​ ​ចាប់តាំងពី​ឆ្នាំ 1992 ដល់ 2018​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ផ្ដល់​ហិរញ្ញប្បទាន​​ឥត​សំណង​ទ្វេភាគី​សរុប​ប្រមាណ​ជាង 600 លាន​ដុល្លារ​អាមេរិក​។​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង ត្រៀម​សម្រាប់​កិច្ចចរចារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ែក​ឡាំង​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាលឺ្លម៉ង់ ។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា​ ​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​គ​.​ជ​.​នា​/​ក​.​អ​.​ក​) និង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា​សម្រាប់​កិច្ចចរចា​នេះ ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោកជំទាវ ឯកឧត្តម លោក លោកស្រី ដែលជា តំណាង​ជាន់ខ្ពស់​ពី​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​ចំនួន ៨ រួមមាន​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​មហា​ផៃ្ទ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​មុខងារសាធារណៈ ក្រសួង​សុខាភិបាល ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ផែនការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។ គោលដៅ​ចម្បង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា និង​ឯកភាព​លើ​សេចក្តីព្រាង​របៀបវារៈ កំណត់​ភារៈកិច្ច​របស់​ក្រសួង​-​សា្ថប័ន​តាម​របៀបវារៈ​នីមួយៗ និង​បញ្ហា​ផ្សេងៗ ដើម្បី​ត្រៀម​សម្រាប់​កិច្ចចរចា​ជាមួយ​ភាគី​មិត្ត​នាពេល​ខាងមុខ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​តែ​រៀបចំ​កិច្ចចរចា​ទ្វេភាគី​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជា​រៀងរាល់ 2 ឆ្នាំ​ម្តង ហើយ​កិច្ចចរចា​នា​ឆ្នាំ​នេះ​គឺជា​កិច្ចចរចា​លើ​កទ 13 ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​និង​ភាព​ជា​ដៃគូ​ក៏ដូចជា​ដើម្បី​ពិភាក្សា​និង​ឯកភាព​ជា​លើក​ចុងក្រោយ​លើ​សំណើ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​នឹង​ការសន្យា​ផ្តល់​ហិរញ្ញប្បទាន​របស់​​រាជរដ្ឋាភិបាល​អាឡឺម៉ង់​ដល់​កម្ពុជា​សម្រាប់​រយៈពេល 2 ឆ្នាំ 2019 -2020 ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​កាលពី​ខែវិច្ឆិកា​ឆ្នាំ 2018 កន្លងទៅ​។ កិច្ច​សហ​ប្រតិ​ការអភិវឌ្ឍន៍​នេះ​ផ្ដោត​សំខាន់​លើ​វិស័យ​អាទិភាព​ចំនួន 3 រួមមាន ១)​វិស័យ​សុខាភិបាល​(​ការ​គាំពារ​សុខុមាលភាព​សង្គម​និង​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​) ២)​វិស័យ​អភិវឌ្ឍន៍​ជនបទ និង​៣)​វិស័យ​អភិបាលកិច្ច​ដែល​សុទ្ធសឹង​ជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី 4​។​

​បើ​តាម​ការប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ចាប់តាំងពី​ឆ្នាំ 1992 ដល់ 2018​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ទ្វេភាគី​សរុប​ប្រមាណ​ជាង 600 លាន​ដុល្លារ​អាមេរិក​ស្មើ​នឹង​ប្រមាណ 3 ភាគរយ​នៃ​ទំហំ​ហិរញ្ញប្បទាន​ទាំងអស់​ផ្ដល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​មក​កម្ពុជា​។ ទំហំ​ហិរញ្ញប្បទាន​នេះ​មិន​រាប់បញ្ចូល​ហិរញ្ញប្បទាន​ដែល​ភាគី​អាល្លឺម៉ង់​ផ្ដល់​ដល់​កម្ពុជា​តាមរយៈ​គម្រោង​ថ្នាក់​តំបន់​និង​សកល សហភាព​អឺរ៉ុប​អង្គការសហប្រជាជាតិ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ស្ថាប័ន​ពហុភាគី​ដទៃទៀត​៕​ ដោយ​៖​កូឡាប​

 

×